(តេហេរ៉ង់)៖ លោក Sergei Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងជាអតីតរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃចន្ទនេះត្រូវបានទីភ្នាក់ងារសារព័ត៌មានរុស្ស៉ីរាយការណ៍ថា បានទៅដល់ទីក្រុង Tehran ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់ ចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចរបស់លោក Shoigu នេះ កើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា បន្ទាប់ពីមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ ត្រូវបានធ្វើឃាតនៅក្រុង Tehran កាលពីសប្តាហ៍មុន។ អ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការធ្វើឃាតនេះ។
លោក Shoigu គ្រោងនឹងជួបជាមួយនឹងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian រួមទាំងប្រធានសន្តិសុខជាតិ និងជាប្រធានបុគ្គលិកទូទៅរបស់អ៊ីរ៉ង់ផងដែរ។
គួរបញ្ជាក់ថា រុស្ស៊ីបានបណ្តុះទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមជាមួយអ៊ុយក្រែន ហើយបាននិយាយថាខ្លួនកំពុងរៀបចំចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការទូលំទូលាយជាមួយប្រទេសនេះ។
ទាំងរុស្ស៊ី និងអ៊ីរ៉ង់បានថ្កោលទោសការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ និងព្រមានពីផលវិបាកធ្ងន់ធ្ងរនៃសកម្មភាពបែបនេះ៕