(ប៉េកាំង)៖ ទិន្នន័យផ្លូវការបង្ហាញថា ចំនួនគូស្នេហ៍ជនជាតិចិនដែលបានរៀបអាពាហ៍ពិពាហ៍ ក្នុងឆមាសទី ១នៃឆ្នាំនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត គិតចាប់ពីឆ្នាំ ២០១៣ ខណៈដែលក្រុមមនុស្សវ័យក្មេងៗ ពន្យារពេលរៀបអាពាហ៍ពិពាហ៍ ចំពេលសេដ្ឋកិច្ចមិនសូវល្អ និងការកើនឡើងនូវការចំណាយក្នុងការរស់នៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ ២០២៤។
ចំនួនអ្នករៀបអាពាហ៍ពិពាហ៍ក្នុងប្រទេសចិន គឺមានទំនាក់ទំនងជិតស្និទ្ធជាមួយចំនួនការផ្តល់កំណើត ហើយការធ្លាក់ចុះនេះទំនងជាធ្វើឱ្យអ្នកបង្កើតគោលនយោបាយមានការខកចិត្ត ស្របពេលកំពុងប្រឹងប្រែងជំរុញចំនួនប្រជាជន ដែលធ្លាក់ចុះអស់ជាច្រើនឆ្នាំមកហើយ។ ទិន្នន័យអំពីការចុះឈ្មោះរៀបអាពាហ៍ពិពាហ៍ បង្ហាញថា ស្វាមីគូភរិយាសរុបចំនួន ៣.៤៣លានគូ ដែលចុះឈ្មោះ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ ដែលជាការធ្លាក់ចុះក្នុងចំនួន ៤៩៨,០០០គូ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ការរៀបអាពាហ៍ពិពាហ៍ ត្រូវបានចាត់ទុកថាជាលក្ខខណ្ឌចាំបាច់សម្រាប់ការមានកូន ដោយសារតែការលើកទឹកចិត្ត និងគោលនយោបាយដែលមានលក្ខណៈទូលំទូលាយ រួមទាំងការតម្រូវឱ្យឪពុកម្តាយបង្ហាញសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីចុះឈ្មោះកូន រួចទទួលបានអត្ថប្រយោជន៍ពីរដ្ឋ។ ប៉ុន្តែជនជាតិចិនវ័យក្មេងៗ ជ្រើសរើសការរស់នៅម្នាក់ឯង ឬពន្យារពេលរៀបអាពាហ៍ពិពាហ៍ ដោយសារតែចក្ខុវិស័យវិស័យការងារមិនល្អ ក៏ដូចជាការព្រួយបារម្ភពីអនាគត។
គួរបញ្ជាក់ថា អត្រាអ្នករៀបអាពាហ៍ពិពាហ៍ បានធ្លាក់ចុះក្នុងប្រទេសចិន ចាប់តាំងពីឆ្នាំ ២០១៤មក។ បើតាមអ្នកជំនាញ មូលហេតុដែលនាំឱ្យធ្លាក់ចុះបែបនេះ គឺរួមមានទាំងការថយចុះនៃចំនួនប្រជាជនវ័យក្មេង បុរសគ្រប់អាយុរៀបអាពាហ៍ពិពាហ៍ មានច្រើនជាងស្រ្តី ថ្លៃចំណាយខ្ពស់ក្នុងការរៀបអាពាហ៍ពិពាហ៍ និងភាពប្រែប្រួលឥរិយាបទ ចំពោះការរៀបការ៕