Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ីថា ការវាយប្រហាររបស់អ៊ុយក្រែនបណ្តាលឱ្យមនុស្ស ១៤នាក់របួស នៅតំបន់ Kherson

05-08-2024 14:43

(កៀវ)៖ មន្រ្តីតែងតាំងដោយរុស្ស៉ី បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ការវាយប្រហាររបស់អ៊ុយក្រែន បណ្តាលឱ្យមនុស្សចំនួ​ន ១៤នាក់រងរបួស រួមទាំងអ្នកដែលកំពុងស្ថិតនៅឯផ្សារមួយ ក្នុងទីក្រុង Oleshky ដែលរុស្ស៉ីកំពុងកាន់កាប់ នៃតំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ ២០២៤។

នៅឯ Luhansk ទីក្រុងភាគឦសានអ៊ុយក្រែន ដែលរុស្ស៉ីកំពុងកាន់កាប់វិញ កងកម្លាំងអ៊ុយក្រេន បានបាញ់រ៉ុក្កែត ១២គ្រាប់ ដោយកំណត់គោលដៅផ្សេងៗគ្នា ក្នុងនោះ ៨គ្រាប់ត្រូវបានស្ទាក់ចាប់ ដោយបើតាមអភិបាលតំបន់តែងតាំងដោយរុស្ស៉ី លោក Leonid Pasechnik ចំនួនអ្នកស្លាប់ និងរបួសកំពុងត្រូវបានបញ្ជាក់។ នៅទីក្រុង Oleshky ប្រធានរដ្ឋបាលតំបន់ លោក Andrei Alekseyenko និយាយថា មនុស្ស ៨នាក់រងរបួស ក្នុងការបាញ់ផ្លោងដំបូងរបស់អ៊ុយក្រែន មកលើផ្សារមួយ។ ក្រោយមក យន្តហោះដ្រូនអ៊ុយក្រែន បានវាយប្រហារអគារផ្ទះល្វែងក្នុងទីក្រុង បណ្តាលឱ្យមនុស្ស​ ៦​នាក់​ទៀត​​របួស។ យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ ជុំវិញការអះអាងពីសំណាក់ភាគីនីមួយៗ នៅក្នុងសង្រ្គាមជាង ២៩ខែមកនេះ។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៉ីបានដណ្តើមកាន់កាប់តំបន់ Kherson នៅដើមដំបូងនៃសង្រ្គាមឈ្លានពានរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែអ៊ុយក្រែន ដណ្តើមមកវិញបាននូវតំបន់ដ៏ធំមួយ នៅឆ្នាំ ២០២៣៕