(វ៉ាស៉ីនតោន)៖ សារព័ត៌មានអនឡាញអាមេរិក Axios ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ទៅកាន់ បណ្តាសមភាគីរបស់លោក នៃក្រុមប្រទេស G7 ថា បើតាមការជឿជាក់របស់ទីក្រុងវ៉ាស៉ីនតោន គឺអ៉ីរ៉ង់ប្រហែលអាចនឹងវាយប្រហារលើអ៉ីស្រាអែល ក្នុងចន្លោះពេល២៤-៤៨ម៉ោង ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CGTN នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤។
លោក Blinken បានសង្កត់ធ្ងន់ទៅកាន់ក្រុមប្រមុខការទូត G7 ថា សហរដ្ឋអាមេរិកចាត់ទុក ការដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ ឱ្យដាក់កំហិតសកម្មភាពវាយប្រហារបស់ខ្លួន ជាយុទ្ធសាស្រ្តដ៏ប្រសើរបំផុត ដើម្បីទប់ស្កាត់កុំឱ្យជម្លោះរីករាលដាលពេញមជ្ឈិមបូព៌ា។ លោកប្រមុខការទូតអាមេរិក បាននិយាយថា ពេលវេលាជាក់លាក់តែម្តង នៃការវាយប្រហាររបស់អ៉ីរ៉ង់ គឺនៅតែមិនទាន់ដឹងច្បាស់ទេ ប៉ុន្តែវាអាចកើតឡើងនៅចន្លោះថ្ងៃចន្ទ និងអង្គារ ដើមសប្តាហ៍នេះ។ ទន្ទឹមគ្នានេះ យោធាអាមេរិក ក៏កំពុងដាក់ពង្រាយកម្លាំងបន្ថែម ទៅកាន់តំបន់មជ្ឈិមបូព៌ា ផងដែរ។
ការលើកឡើងរបស់លោក Blinken គឺបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី៤ ខែសីហា អំឡុងកិច្ចសន្ទនាតាមប្រព័ន្ធអនឡាញ ដែលមានគោលដៅបង្កើនកិច្ចសហការ ជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក ដើម្បីដាក់សម្ពាធលើអ៉ីរ៉ង់ ក៏ដូចជាក្រុម Hezbollah ដែលមានមូលដ្ឋាននៅលីបង់ ឱ្យរឹតត្បិតសកម្មភាពសងសឹករបស់ពួកគេ និងបន្ធូរបន្ថយភាពតានតឹង នៅក្នុងតំបន់។
ភាពតានតឹងនៅមជ្ឈិមបូព៌ា បានកើនឡើងខ្លាំងមួយកម្រិតទៀត ក្រោយការធ្វើឃាត លើមេបញ្ជាការយោធាជាន់ខ្ពស់ របស់ក្រុម Hezbollah លោក Fuad Shukr នៅទីក្រុងបេរូតរបស់លីបង់ និងមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន គឺលោក Ismail Haniyeh នៅទីក្រុងតេហេរ៉ង់របស់អ៉ីរ៉ង់ កាលពីចុងខែកក្កដាកន្លងទៅ។ ប៉ុន្មានថ្ងៃមុនពេលនោះ ការវាយប្រហារដោយគ្រាប់រ៉ុក្កែត លើតំបន់ Golan Heights នៅអ៉ីស្រាអែល បានសម្លាប់កុមារនិងក្មេងជំទង់១២នាក់។
គួរបញ្ជាក់ថា អ៉ីរ៉ង់ ហាម៉ាស និង Hezbollah បានចោទប្រកាន់អ៉ីស្រាអែល ជាអ្នកនៅពីក្រោយការធ្វើឃាតទាំងនេះ ហើយបានប្តេជ្ញាសងសឹកវិញ។ អ៉ីស្រាអែលបានទទួលស្គាល់ ចំពោះការសម្លាប់លោក Shukr ដោយថា វាគឺជាការឆ្លើយតបចំពោះការបាញ់រ៉ុក្កែតមកលើតំបន់ Golan Heights ប៉ុន្តែមិនបានទទួលស្គាល់ ឬបដិសេធចំពោះការសម្លាប់លោក Haniyeh ឡើយ៕