(អ៉ីស្តង់ប៊ុល)៖ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ក្រសួងការបរទេសតួកគី បានប្រកាសថា តួកគីសូមទទូចឱ្យពលរដ្ឋខ្លួនទាំងអស់នៅលីបង់ ចាកចេញពីប្រទេសនេះ ប្រសិនបើពួកគេមិនចាំបាច់ស្ថិតនៅទីនោះ ដោយសារតែលទ្ធភាពនៃការធ្លាក់ចុះដុនដាបខ្លាំងនិងឆាប់រហ័ស នូវស្ថានការណ៍សន្តិសុខក្នុងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤។
ក្រសួងការបរទេសតួកគី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ពលរដ្ឋតួកគីទាំងអស់នៅលីបង់ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ និងគួរតែកុំធ្វើដំណើរទៅកាន់តំបន់ដូចជា Nebatiyeh, South Lebanon, Bekka និង Baalbek-Hermel ឱ្យសោះ លុះត្រាតែវាជារឿងចាំបាច់បំផុត។ ក្រសួងបានបន្តថា សម្រាប់អ្នកដែលមិនចាំបាច់ត្រូវស្ថិតនៅលីបង់ទេនោះ គួរតែចាកចេញ ស្របពេលដែលជើងហោះហើរពាណិជ្ជកម្ម នៅបន្តធ្វើប្រតិបត្តិការ ហើយពលរដ្ឋតួកគីគួរជៀសវាង ធ្វើដំណើរទៅកាន់លីបង់ លុះត្រាតែចាំបាច់ខ្លាំង។
គួរបញ្ជាក់ថា កាលពីថ្ងៃដដែល បារាំងនិងអ៉ីតាលី ក៏បានទទូចឱ្យពលរដ្ឋពួកគេ ចាកចេញពីលីបង់ផងដែរ ដោយសារតែហានិភ័យ នៃការកើនឡើងភាពតានតឹងយោធា នៅតំបន់មជ្ឈិមបូព៌ា។ ភាពតានតឹងក្នុងតំបន់នេះ បានកើនឡើងជាលំដាប់ ជាពិសេសក្រោយការធ្វើឃាតមេដឹកនាំនយោបាយ របស់ក្រុមហាម៉ាសប៉ាឡេស្ទីន គឺលោក Ismail Haniyeh នៅឯប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃពុធសប្តាហ៍មុន ដែលវាបានកើតឡើងមួយថ្ងៃ បន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត បានសម្លាប់ លោក Fuad Shukr ដែលជាមេបញ្ជាការយោធាកំពូលម្នាក់ របស់ក្រុម Hezbollah លីបង់៕