(ប៉េកាំង)៖ ភាគខាងកើតនៃប្រទេសចិន កំពុងបន្តប្រឈមនឹងអាកាធាតុក្តៅ ខណៈសីតុណ្ហភាពកាន់តែឡើងខ្ពស់ ដោយកំដៅខ្លាំងបែបនេះអាចបន្តអូសបន្លាយ ក្នុងទីក្រុងឆ្នេរសមុទ្រធំៗនៃខេត្ត Jiangsu និង Zhejiang ដែលមានតំបន់ឧស្សាហកម្មទំនើបៗ រហូតដល់ ១០ថ្ងៃទៅមុខទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ ២០២៤។
ទូរទស្សន៍រដ្ឋ CCTV រាយការណ៍ថា នៅឯភាគខាងកើត និងភាគពាយ័ព្យនៃប្រទេសចិន សីតុណ្ហភាពបានឡើងដល់កម្រិត ៤៣.៩អង្សាសេ នៅទីក្រុង Zhejiang, Jiangsu, Shanghai, Anhui និង Xinjiang ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ អ្នកសង្កេតការណ៍នៃទីក្រុង Hangzhou របស់ខេត្ត Zhejiang បានកត់ត្រាកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ៤១.៩អង្សាសេ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយទីក្រុងដែលមានប្រជាជនចំនួន ១២.៥លាននាក់ ត្រូវបានគេព្យាករថា នឹងស្ថិតក្រោមសីតុណ្ហភាពលើសពី ៤០អង្សាសេ រហូតដល់ថ្ងៃទី១១ ខែសីហា។
អាកាសធាតុក្តៅខ្លាំង នារដូវក្តៅនេះ ក៏បាននាំឱ្យការប្រើប្រាស់អគ្គិសនីកើនឡើងផងដែរ ដោយសារតែតម្រូវការប្រើប្រាស់ម៉ាស៉ីនត្រជាក់។ ការកើនឡើងនៃតម្រូវការអគ្គិសនីអាចគំរាមកំហែងដល់ការផ្គត់ផ្គង់។ នៅថ្ងៃចន្ទនេះ ក្រុមអ្នកព្យាករអាកាធាតុជាតិ បានព្រមានអំពីគ្រោះថ្នាក់ដោយសារភ្លើងឆេះ បណ្តាលមកពីការប្រើប្រាស់ថាមពលច្រើន និងបន្ទុកអគ្គីសនីលើសកំណត់ ហើយណែនាំឱ្យបិទម៉ាស៊ីនត្រជាក់ នៅពេលអាកាសធាតុចុះត្រជាក់បន្តិច។
គួរបញ្ជាក់ថា តាមក្រុមអ្នកឧតុនិយម កំណត់ត្រាក្តៅខ្លាំងនៅក្នុងឆ្នាំនេះ គឺកាន់តែធ្ងន់ធ្ងរទៅ ដោយសារតែការឡើងកម្តៅផែនដី ទោះបីជាបាតុភូតអាកាសធាតុ La Nina នាំមកនូវសីតុណ្ហភាពផ្ទៃសមុទ្រត្រជាក់ជាងមធ្យម នៅក្នុងតំបន់ប៉ាស៉ីហ្វិកអេក្វាទ័រ ក៏ដោយ៕