(កៀវ)៖ ក្រសួងការបរទេសអ៊ុយក្រែន បានប្រកាសថា លោករដ្ឋមន្រ្តី Dmytro Kuleba នឹងបំពេញទស្សនកិច្ចនៅប្រទេសអាហ្រ្វិកចំនួន ៣ក្នុងសប្តាហ៍នេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការគាំទ្រសម្រាប់ទីក្រុងកៀវ ក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ ២០២៤។
នៅក្នុងដំណើរទស្សនកិច្ចការទូតលើកទី ៤របស់លោកទៅអាហ្វ្រិក នារយៈពេល ២ឆ្នាំចុងក្រោយនេះ លោក Kuleba ត្រូវទៅកាន់ប្រទេសម៉ាឡាវី សំប៊ី និងម៉ូរីស ចាប់ពីថ្ងៃទី៤ ខែសីហា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៤។ តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស «រាល់កិច្ចប្រជុំទាំងអស់ នឹងផ្តោតលើការអភិវឌ្ឍទំនាក់ទំនងទ្វេរភាគី ផ្អែកលើការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក។ នៅក្នុងចំណោមប្រធានបទគន្លឹះ នឹងរួមមានការចូលរួមពីបណ្តារដ្ឋអាហ្រ្វិកក្នុងកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីស្តារសន្តិភាពសម្រាប់អ៊ុយក្រែន និងសម្រាប់ពិភពលោក»។ លោក Kuleba ក៏នឹងពិភាក្សាផងដែរ អំពីការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដល់តំបន់អាហ្វ្រិក និងការចូលរួមពីក្រុមហ៊ុនអាហ្រ្វិកក្នុងការកសាងអ៊ុយក្រែនឡើងវិញ។
គួរបញ្ជាក់ថា មានប្រទេសអាហ្វ្រិកមួយចំនួន បានរួមក្នុងសន្និសីទស្តីពីសន្តិភាពអ៊ុយក្រែន កាលពីខែមិថុនា នៅប្រទេសស្វីស ប៉ុន្តែពួកគេភាគច្រើនមានភាពស្ទាក់ស្ទើរ ក្នុងការចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីធ្វើឱ្យរុស្ស៉ីឯកោ ពីឋានៈជាអ្នកផ្គត់ផ្គង់ថាមពល និងទំនិញដ៏សំខាន់៕