(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ នៅថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ ២០២៤នេះថា មេដឹកនាំលោក គីម ជុងអ៊ុន បានចុះពិនិត្យការបញ្ជូនមីស៉ីលបាលីស្ទីគចំនួន ២៥០គ្រាប់ទៅកាន់អង្គភាពជួរមុខ នៅតាមព្រំដែនភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័តមាន AFP។
KCNA បានរាយការណ៍ថា ពិធីបញ្ជូនមីស៉ីលបាលីស្ទិគស៊េរីថ្មីចំនួន ២៥០គ្រាប់ទៅឱ្យអង្គភាពយោធាព្រំដែន ប្រព្រឹត្តទៅក្នុងរដ្ឋធានីព្យុងយ៉ាង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ ក្រោមអធិបតីភាពរបស់ លោក គីម។ លោក គីម ត្រូវបានដកស្រង់សម្តីពីការថ្លែងសុន្ទរកថា នៅឯពិធីនោះថា «មីស៉ីលដែលបញ្ជូនទៅ គឺជាអាវុធយុទ្ធសាស្ត្រដ៏ទាន់សម័យ រចនាឡើងដោយរូបលោកផ្ទាល់»។ លោក គីម បានថ្លែងទៀតថា ការបង្ហាញអាវុធថ្មីៗ ក្នុងពេលដែលប្រទេសកំពុងងើបឡើងវិញពីការខូចខាតដោយទឹកជំនន់គឺជា «ការបង្ហាញនូវឆន្ទៈដ៏ម៉ឺងម៉ាត់របស់គណបក្សកាន់អំណាច ក្នុងការជំរុញការពង្រឹងសមត្ថភាពការពារជាតិ»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងកាន់តែធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយកូរ៉េខាងជើងបង្កើនការសាកល្បងអាវុធ និងបញ្ជូនបាឡុងសំរាមចូលមកកូរ៉េខាងត្បូង។ ជាការឆ្លើយតប កូរ៉េខាងត្បូង បានបន្តការផ្សាយឃោសនាតាមព្រំដែន ផ្អាកកិច្ចព្រមព្រៀងយោធាដែលកាត់បន្ថយភាពតានតឹង និងចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរព្រំដែនជាដើម៕