(បាម៉ាកូ)៖ ប្រទេសម៉ាលី បានប្រកាសថា ខ្លួនកំពុងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែន បន្ទាប់ពីមានការអត្ថាធិប្បាយរបស់អ្នកនាំពាក្យនៃទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន (GUR) អំពីការប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាម នៅឯភាគខាងជើងប្រទេស ដែលបានសម្លាប់ទាហានម៉ាលី និងសមាជិកក្រុម Wagner កាលពីចុងខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ ២០២៤។

ក្រុមឧទ្ទាម Tuareg និយាយថា ពួកគេបានសម្លាប់ទាហានស៉ីឈ្នួល Wagner របស់រុស្ស៉ី ចំនួន ៨៤នាក់ និងទាហានម៉ាលី ៤៧នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ នៅភាគខាងជើងប្រទេសម៉ាលី ដែលវាហាក់បីដូចជាការបរាជ័យដ៏ធ្ងន់ធ្ងរ សម្រាប់ Wagner ចាប់តាំងពីបានឈានជើងចូលប្រទេសអាហ្វ្រិកខាងលិចមួយនេះ កាលពី ២ឆ្នាំមុន ដើម្បីជួយអាជ្ញាធរយោធាម៉ាលី ប្រយុទ្ធប្រឆាំងនឹងក្រុមបះបោរ។

អ្នកនាំពាក្យរបស់ GUR លោក Andriy Yusov មិនបានលើកឡើងអំពីភាពជាប់ពាក់ព័ន្ធណាមួយរបស់ទីក្រុងកៀវ នៅក្នុងការប្រយុទ្ធគ្នានេះនោះទេ ប៉ុន្តែតាមការអត្ថាធិប្បាយមួយកាលពីថ្ងៃទី២៩ ខែកក្កដា លោកថា ក្រុមឧទ្ទាមនៅម៉ាលី បានទទួលព័ត៌មានចាំបាច់ដើម្បីធ្វើការវាយប្រហារ ដែលអនុញ្ញាតឱ្យពួកគេធ្វើប្រតិបត្តិការយោធាប្រកបដោយជោគជ័យ ប្រឆាំងនឹងក្រុមជនល្មើសនៃឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៉ី។

ប្រទេសម៉ាលី បានចាត់ទុកការអត្ថាធិប្បាយរបស់ លោក Yusov ថាជាការ​ថ្លែង​បែប​វិទ្ធង្សនា និងហាក់បីដូចជាបានទទួលស្គាល់ អំពីភាពជាប់ពាក់ព័ន្ធរបស់អ៊ុយក្រែននៅក្នុងការវាយប្រហារ ដែលបណ្តាលឱ្យស្លាប់សមាជិកនៃកងកម្លាំងការពារជាតិ និងកងកម្លាំងសន្តិសុខរបស់ប្រទេសម៉ាលី។ រដ្ឋាភិបាលម៉ាលី គូសបញ្ជាក់ដូច្នេះថា «​នេះជាសកម្មភាព​ដែល​អាជ្ញាធរ​អ៊ុយក្រែន​ ​រំលោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​ម៉ាលី និងហួស​ពី​វិសាលភាព​នៃ​ការ​ជ្រៀតជ្រែក​ពី​បរទេសដែល​អាច​ថ្កោលទោស​រួច​ទៅ​ហើយ តាមរយៈ​ការ​សម្តែងការគាំទ្រចំពោះ​ភេរវកម្ម​អន្តរជាតិ»