(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ សេតវិមាន បានឱ្យដឹងថា សហរដ្ឋអាមេរិក កំពុងដាក់ពង្រាយកម្លាំងយោធាបន្ថែមនៅតំបន់មជ្ឈិមបូព៌ា ដែលនេះគឺជាវិធាការមួយ ដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់។ នេះបើយោតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤។
សេតវិមាន បានឱ្យដឹងទៀតថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏គ្រោងកោះប្រជុំក្រុមមន្រ្តីសន្តិសុខជាតិ នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីស្ថានការណ៍វិវត្តនៅមជ្ឈិមបូព៌ា ហើយនឹងជជែកជាមួយព្រះមហាក្សត្រនៃប្រទេសហ្ស៊កដានី ស្តេច Abdullah ផងដែរ។ ដោយផ្អែកលើសេចក្តីរាយការណ៍តាមទូរស័ព្ទពីប្រភពចំនួន ៣ ទីភ្នាក់ងារព័ត៌មានអាមេរិក Axios រាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់សមភាគីមកពីបណ្តាប្រទេស G7 ថាអ៊ីរ៉ង់ និងក្រុម Hezbollah អាចចាប់ផ្តើមវាយប្រហារលើអ៉ីស្រាអែល នៅថ្ងៃដើមសប្តាហ៍នេះ ប៉ុន្តែមិនច្បាស់ទេអំពីរបៀប ឬពេលវេលាជាក់លាក់។ នៅពេលត្រូវបានសួរអំពីព័ត៌មាននេះ ក្រសួងការបរទេសអាមេរិក បានលើកឡើងថា ក្រុមរដ្ឋមន្ត្រីបានពិភាក្សាគ្នារួចហើយ អំពីតម្រូវការបន្ទាន់ក្នុការកាត់បន្ថយភាពតានតឹង។ តាមមន្ទីរបញ្ចកោណ នឹងមានការដាក់ពង្រាយយន្តហោះចម្បាំង នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ទៅកាន់តំបន់មជ្ឈិមបូព៌ាបន្ថែមទៀត។
គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់បានកើនឡើង បន្ទាប់ពីការធ្វើឃាតមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh នៅឯទីក្រុងតេហេរ៉ង់ នៃប្រទេសអ៉ីរ៉ង់ មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែល លើទីក្រុងបេរូត នៃប្រទេសលីបង់ សម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់របស់ក្រុម Hezbollah លោក Fuad Shukr។ អ៉ីរ៉ង់ និងក្រុមហាម៉ាស បានស្តីបន្ទោសអ៉ីស្រាអែលចំពោះការសម្លាប់ លោក Haniyeh លើទឹកដីអ៉ីរ៉ង់ ហើយពួកគេរួមជាមួយនិងក្រុម Hezbollah ប្តេជ្ញាសងសឹក៕