(ប៉េកាំង)៖ អាជ្ញាធរមូលដ្ឋានបាននិយាយនៅថ្ងៃអាទិត្យថា មនុស្ស ៨នាក់បានស្លាប់ និង ១៩នាក់បានបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ និងការរអិលបាក់ដីបានវាយប្រហារទីក្រុង Kangding ភាគនិរតីនៃខេត្ត Sichuan ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌ស៊ីនហួរ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។
គ្រោះមហន្តរាយនេះបានកើតឡើងនៅម៉ោងប្រហែល ៣:៣០ព្រឹកថ្ងៃសៅរ៍ ដោយបានបំផ្លាញស្ពានផ្លូវរូងក្រោមដី និងផ្ទះសម្បែងនៅក្នុងភូមិ Ridi ។ ភូមិនេះមានទីតាំងស្ថិតនៅក្នុងជ្រលងភ្នំ កម្ពស់ ១,៣០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដោយមានភ្នំនៅក្បែរនោះឡើងដល់ជាង ៥,០០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។
គ្រោះធម្មជាតិនេះបានសម្លាប់មនុស្ស ៦នាក់ និងបាត់ខ្លួន ១១នាក់នៅក្នុងភូមិ Ridi ។ លើសពីនេះ ការបាក់ស្រុតនៃស្ពានរវាងផ្លូវរូងក្រោមដី ដែលបណ្តាលមកពីគ្រោះមហន្តរាយនេះ បានបណ្តាលឱ្យយានយន្ត ៤គ្រឿងធ្លាក់ចូលទៅក្នុងជ្រោះ។
ដោយមានមនុស្សម្នាក់ត្រូវបានជួយសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការបាក់ស្រុតស្ពាននេះបានសម្លាប់មនុស្ស ២នាក់ និង៨នាក់ទៀតនៅតែបាត់ខ្លួន នេះបើយោងតាមទីស្នាក់ការកណ្តាលសង្គ្រោះក្នុងស្រុក។
អាជ្ញាធរមូលដ្ឋានបានរៀបចំយ៉ាងឆាប់រហ័សនូវប្រតិបត្តិការសង្គ្រោះទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ ដោយមានអ្នកជួយសង្គ្រោះចំនួន ១,៥៥៤នាក់ត្រូវបានដាក់ពង្រាយរហូតមកដល់ពេលនេះ។ ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគេក៏បានជម្លៀស និងតាំងទីលំនៅថ្មីប្រជាជនរងគ្រោះចំនួន ៩៣៩នាក់ផងដែរ៕