(តេហេរ៉ង់)៖ អ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី៣ ខែសីហា បាននិយាយថាខ្លួនរំពឹងថាក្រុម Hezbollah គាំទ្រដោយទីក្រុងតេហេរ៉ង់ នឹងវាយប្រហារចូលជ្រៅក្នុងទឹកដីអ៉ីស្រាអែល ពីព្រោះ បច្ចុប្បន្ន លែងមានការរឹតត្បិតលើការវាយប្រហារលើគោលដៅយោធាទៀតនោះទេ ក្រោយអ៉ីស្រាអែលសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ Hezbollah។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រុម Hezbollah បានបាញ់ផ្លោងដាក់គ្នាទៅវិញទៅមកជាមួយអ៉ីស្រាអែល ស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងពីសម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហាម៉ាសបានវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបង្កឱ្យសង្រ្គាមក្នុងតំបន់ហ្កាហ្សាផ្ទុះឡើង។ ក្រុម Hezbollah បាននិយាយថាការបាញ់ផ្លោងរបស់ខ្លួន កំណត់តែទៅលើ គោលដៅយោធាអ៉ីស្រាអែលនៅតាមតំបន់ព្រំដែនប៉ុណ្ណោះ។
ក៏ប៉ុន្តែ បេសកកម្មអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល លើតំបន់ទីប្រជុំជននៃភាគខាងត្បូង ទីក្រុងបេរូត ប្រទេសលីបង់ បានផ្លាស់ប្ដូរការគិត។ បេសកកម្មអ៉ីរ៉ង់ តាមរយៈការស្រង់សម្ដីដោយសារព័ត៌មានផ្លូវការអ៉ីរ៉ង់ IRNA បានគូសបញ្ជាក់ដូច្នេះថា «យើងរំពឹងថា... Hezbollah នឹងជ្រើសរើសគោលដៅបន្ថែម ហើយនឹងវាយប្រហារចូលកាន់តែជ្រៅ នៅក្នុងការឆ្លើយតបរបស់ខ្លួន។ ដ្បិតចាប់ពីឥលូវទៅ លែងមានទៀតហើយការរឹតត្បិតលើការវាយប្រហារ លើគោលដៅយោធា»។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលកាលពីថ្ងៃអង្គារកន្លងទៅ លើទីក្រុងបេរូត នៃប្រទេសលីបង់ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ Hezbollahម្នាក់ គឺលោក Fuad Shukr។ បើតាមក្រសួងសុខាភិបាលលីបង់ ជនស៊ីវិល៥នាក់ ក្នុងនោះរួមមានស្ត្រី៣នាក់ និងកុមារ២ នាក់ក៏ត្រូវបានសម្លាប់ ក្នុងការវាយប្រហារនេះដែរ។ អ៉ីស្រាអែល បានចោទប្រកាន់លោក Fuad Shukr ថាជាអ្នកទទួលខុសត្រូវលើការវាយប្រហារដោយគ្រាប់រ៉ុក្កែតដែលបានសម្លាប់មនុស្ស១២នាក់ ក្នុងតំបន់ Golan Heights គ្រប់គ្រងដោយអ៉ីស្រាអែល៕