(ម៉ានីល)៖ ហ្វីលីពីន និងអាល្លឺម៉ង់ បានប្ដេជ្ញាថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពីកិច្ចសហប្រតិបត្តិការយោធា នៅក្នុងឆ្នាំ២០២៤នេះ។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសទាំង២ ក្នុងសេចក្ដីថ្លែងការណ៍រួមមួយនៅថ្ងៃអាទិត្យ ទី៤ ខែសីហា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានជួបសមភាគីហ្វីលីពីនរបស់លោក គឺលោក Gilberto Teodoro ក្នុងទីក្រុងម៉ានីល ដើម្បពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ នាឱកាសប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងហ្វីលីពីន-អាល្លឺម៉ង់។ តាមសេចក្ដីថ្លែងការណ៍រួមខាងលើដដែល ប្រមុខការពារជាតិទាំង២ បានប្ដេជ្ញាថានឹងបង្កើតទំនាក់ទំនងយូរអង្វែង រវាងយោធា និងយោធា ជាមួយការពង្រីកការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរកម្មវិធីសិក្សាគ្នាទៅវិញទៅមក ព្រមទាំងស្វែងរកឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការយោធា ក៏ដូចជាការចួលរួម ក្នុងគម្រោងរួមគ្នាជាដើម។
គួរបញ្ជាក់ថា ទីក្រុងម៉ានីល និងទីក្រុងបែរឡាំង បាន និងកំពុងពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ ស្របពេលដែលចិន និងហ្វីលីពីនតែងតែប៉ះទង្គិចជាញឹកញាប់ នៅឯតំបន់ថ្មប៉ប្រះទឹក មួយកំពុងមានវិវាទនៅសមុទ្រចិនខាងត្បូង៕