(ប៉ារីស)៖ បារាំង នៅថ្ងៃអាទិត្យ ទី៤ ខែសីហានេះ បានជំរុញឱ្យពលរដ្ឋរបស់ខ្លួន រស់នៅក្នុងប្រទេសលីបង់ ចាកចេញពីប្រទេសនេះ ខណៈភាពតានតឹងនៅតែបន្តកើនឡើង បន្ទាប់ពី អ៉ីរ៉ង់ចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកសម្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស លោក Ismail Haniyeh។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការបរទេសបារាំង នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានបញ្ជាក់ទៀតថាបារាំងបានជំរុញឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីលីបង់ ដោយសារតែបារម្ភពីហានិភ័យនៃការផ្ទុះសង្រ្គាម ទ្រង់ទ្រាយធំ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ បន្ថែមពីលើនេះ ក្រសួងក៏បានលើកឡើងជាថ្មីដែរពីការផ្ដល់យោបល់ឱ្យពលរដ្ឋបារាំង កុំធ្វើដំណើរទៅកាន់លីបង់។
គួរបញ្ជាក់ថា ក្រៅពីបារាំង សហរដ្ឋអាមេរិក ក៏បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនដែលមានបំណងចាកចេញពីប្រទេសលីបង់ ត្រូវត្រៀមផែនការឱ្យបានលឿនផងដែរ ខណៈចក្រភពអង់គ្លេស បានផ្ដល់យោបល់ឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ក្នុងពេលឥលូវ។ ចំណែក កាណាដា វិញបានព្រមានកុំឱ្យពលរដ្ឋខ្លួនធ្វើដំណើរទៅកាន់អ៉ីស្រាអែល។
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើង នៅបន្ទាប់ពីមេដឹកនាំនយោបាយក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានធ្វើឃាតក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃពុធកន្លងទៅ មួយថ្ងៃ ក្រោយការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលលើទីក្រុងបេរូត នៃប្រទេសលីបង់ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡាម្នាក់ គឺលោក Fuad Shukr។ ទាំងក្រុមហាម៉ាស និងហេសបូឡាជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។ អ៉ីស្រាអែល មិនបានប្រកែក ហើយក៏មិនបានទទួលស្គាល់នោះដែរ ជុំវិញការធ្វើឃាត លោក Haniyeh តែហាម៉ាស និងអ៉ីរ៉ង់បានចោទថាជាស្នាដៃរបស់អ៉ីស្រាអែល និងគំរាមសងសឹកជាដាច់ខាត៕