(WILMINGTON, អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញក្ដីសង្ឃឹមថាអ៉ីរ៉ង់នឹងព្រមថយមួយជំហាន បើទោះជាបានគំរាមសងសឹកឱ្យវិញ្ញាណក្ខន្ធ របស់មេដឹកនាំហាម៉ាស ដែលត្រូវបានសម្លាប់ ក្នុងទីក្រុងតេហេរ៉ង់ក៏ដោយ ចំពោះមុខការភ័យខ្លាចកាន់តែខ្លាំងឡើងថាសង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា នឹងផ្ទុះទៅជាសង្រ្គាមតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ភាពតានតឹងនៅមជ្ឈិមបូព៌ា កាន់តែក្ដៅគគុក នៅបន្ទាប់ពីមេដឹកនាំនយោបាយក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានធ្វើឃាតក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃពុធ កន្លងទៅ មួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលលើទីក្រុងបេរូត នៃប្រទេសលីបង់ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា ម្នាក់ គឺលោក Fuad Shukr។ ទាំងក្រុមហាម៉ាស និងហេសបូឡាជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។ អ៉ីស្រាអែល មិនបានប្រកែក ហើយក៏មិនបានទទួលស្គាល់នោះដែរ ជុំវិញ ការធ្វើឃាត លោក Haniyeh តែហាម៉ាស និងអ៉ីរ៉ង់បានចោទថាជាស្នាដៃរបស់អ៉ីស្រាអែល និងគំរាមសងសឹកជាដាច់ខាត។
នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាន ថាតើអ៉ីរ៉ង់នឹងដកថយមួយជំហានដែរឬក៏យ៉ាងណា? លោក បៃដិន កាលពីថ្ងៃសៅរ៍ ទី៣ ខែសីហា បាននិយាយថា «ខ្ញុំសង្ឃឹមដូច្នេះ តែក៏មិនប្រាកដនោះដែរ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានជំរុញឱ្យពលរដ្ឋរបស់ខ្លួន ដែលមានបំណងចាកចេញពីប្រទេសលីបង់ ត្រូវត្រៀមផែនការឱ្យបានលឿន ខណៈចក្រភពអង់គ្លេសបាន ផ្ដល់យោបល់ឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ក្នុងពេលឥលូវ។ ចំណែក កាណាដា វិញបានព្រមានកុំឱ្យពលរដ្ឋខ្លួនធ្វើដំណើរទៅកាន់អ៉ីស្រាអែល ចំពោះមុខ ការបារម្ភពីហានិភ័យសង្រ្គាមទ្រង់ទ្រាយធំ។ ព្រមពេលជាមួយគ្នា ដោយប្រកាសថានឹងការពារអ៉ីស្រាអែល សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូននាវាចម្បាំង និងយន្ដហោះចម្បាំងបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា៕