(ហ៊្សេរុយសាឡិម)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុម Jihad រាយកាណ៍ថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល នៅថ្ងៃសៅរ៍នេះ ទៅលើតំបន់ West Bank បានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់ និងសមាជិកក្រុម Jihad ចំនួន ៤នាក់ ខណៈយោធាអ៉ីស្រាអែលថាបានសម្លាប់ខ្មាន់កាំភ្លើង ៤ទៀតក្នុងការវាយប្រហារដាច់ដោយឡែកមួយ។ នេះតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ ២០២៤។
យោធាអ៉ីស្រាអែលនិយាយថា ការវាយប្រហារតាមអាកាសលើកទីមួយ ត្រូវរថយន្តមួយគ្រឿងនៅទីប្រជុំជនក្បែរទីក្រុង Tulkarm និងជាការកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធដែលកំពុងធ្វើដំណើរទៅអនុវត្តការវាយប្រហារ។ បើតាមប្រព័ន្ធផ្សព្វផ្សាយហាម៉ាស់ រថយន្តដឹកក្រុមអ្នកប្រយុទ្ធបានរងការវាយប្រហារ ហើយអ្នកស្លាប់ម្នាក់គឺជាមេបញ្ជាការកងពលតូច Tulkarm នៃក្រុមរបស់ខ្លួន។ ប៉ុន្មានម៉ោងក្រោយមក ការវាយប្រហារតាមអាកាសលើកទីពីរ បានកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធ ដែលធ្វើសកម្មភាពបាញ់ផ្លោងមកលើកម្លាំងអ៉ីស្រាអែល ហើយយោធាហៅប្រតិបត្តិការនោះថាជាការកម្ចាត់ភេរវកម្ម ក្នុងទីក្រុង Tulkarm។
គួរបញ្ជាក់ថា អំពើហិង្សានៅតំបន់ West Bank បានកើនឡើងតាំងពីមុនសង្រ្គាមអ៉ីស្រាអែល-ហាម៉ាសនៅតំបន់ហ្កាហ្សាផ្ទុះឡើង ហើយតែខ្លាំងក្លាថែមទៀតចាប់តាំងពីពេលនោះមក ជាមួយនិងការវាយឆ្មក់ជាញឹកញាប់របស់អ៉ីស្រាអែល ស្របពេលដែលមានការកើនឡើងផងដែរនូវការវាយប្រហារតាមដងផ្លូវប្រឆាំងពីអ៉ីស្រាអែលមពីសំណាក់ប៉ាឡេស្ទីន៕