(ប៉ារីស)៖ ក្រុមអាកាសចរណ៍បារាំង (Air France) បានប្រកាសនៅថ្ងៃសៅរ៍នេះថា ក្រុមហ៊ុន និងសាខា Transavia របស់ខ្លួន បន្តផ្អាកជើងហោះហើររវាងទីក្រុងប៉ារីស និងទីក្រុង (Beirut) នៃប្រទេសលីបង់ រហូតដល់ថ្ងៃទី៦ ខែសីហា ចំពេលមានភាពតានតឹងក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ ២០២៤។
Air France បានផ្អាកជើងហោះហើរ ប៉ារីស-បេរូត ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍មក ពីរថ្ងៃបន្ទាប់ពីមានការប្រហារនៅតំបន់ Golan Heights របស់អ៉ីស្រាអែល ហើយក្រោយមកបន្តពន្យាពេលបន្ថែមមកដល់ថ្ងៃពុធ។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន Air France បញ្ជាក់ថា «ដោយសារស្ថានភាពសន្តិសុខ ក្រុមហ៊ុនសម្រេចពន្យារពេលផ្អាកជើងហោះហើររវាងទីក្រុងប៉ារីស និងទីក្រុងបេរូត រហូតដល់ថ្ងៃទី៦ ខែសីហា ខណៈដែលក្រុមហ៊ុនកំពុងតាមដានស្ថានភាពនៅលីបង់ ក្នុងពេលវេលាជាក់ស្តែង»។ចំណែកក្រុមហ៊ុនសាខា Air-France-KLM ក៏បានបញ្ជាក់ដែរថា «ការបន្តសេវាកម្មឡើងវិញ នឹងត្រូវឆ្លងកាត់ការវាតម្លៃលើស្ថានភាពជាក់ស្តែង»។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ក្រុមហ៊ុនអាកាសចរណ៍នានា បានចៀសវាងការធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ និងលីបង់ ហើយខ្លះទៀតបានលុបចោលជើងហោះហើរទៅកាន់អ៉ីស្រាអែល ក៏ដូចជាលីបង់ ខណៈក្តីបារម្ភកាន់តែកើនឡើងជុំវិញជម្លោះក្នុងតំបន់ បន្ទាប់ពីការសម្លាប់សមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាស និងក្រុម Hezbollah៕