(មូស្គូ)៖ យោធាអ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ ២០២៤នេះ បានអះអាងពីការវាយប្រហារលើអាកាសយានដ្ឋាន Morozovsk និងឃ្លាំងស្តុកប្រេងមួយចំនួននៅក្នុងតំបន់ចំនួន ៣របស់រុស្ស៉ី កាលយប់ថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធានិយាយថា ការវាយប្រហារទៅនៅលើអាកាសយានដ្ឋានខាងលើនេះបានត្រូវចំឃ្លាំងគ្រាប់ ដែលកងកម្លាំងរុស្ស៉ីរក្សាទុកគ្រាប់បែកតាមអាកាស ក្នុងចំណោមសម្ភារផ្សេងៗទៀត។ ការវាយប្រហារលើឃ្លាំងស្តុកប្រេងនៅតំបន់ Belgorod, Kursk និង Rostov បានបំផ្លាញធុងប្រេងចំនួនពីរ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថា «ព្រលានយន្តហោះយោធារុស្ស៉ីត្រូវតែធ្វើឱ្យខូចខាតគ្រប់កន្លែង តាមគ្រប់មធ្យោបាយប្រកបដោយប្រសិទ្ធភាព ហើយយើងត្រូវការដំណោះស្រាយរួមគ្នាជាមួយដៃគូរបស់យើង ជាដំណោះស្រាយផ្នែកសន្តិសុខ»។

នៅរុស្ស៉ី មន្ត្រីក្នុងតំបន់បានរាយការណ៍ថា រថក្រោះចតនៅឯឃ្លាំងសម្រាប់ស្តុកឥន្ធនៈនៅក្នុងស្រុក Kamensky នៃតំបន់ Rostov បានឆាបឆេះក្នុងការវាយប្រហារដោយយន្តហោះដ្រូន។ អភិបាលតំបន់ Belgorod ក៏បានឱ្យដឹងផងដែរថា ដ្រូនអ៊ុយក្រែនបាញ់មកបានបណ្តាលឱ្យមានអគ្គីភ័យនៅឃ្លាំងស្តុកប្រេងមួយនៅទីនោះ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវម្តងហើយម្តងទៀតដល់សម្ព័ន្ធមិត្តលោកខាងលិច សម្រាប់ការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធដែលពួកគេផ្តល់មក ដើម្បីវាយប្រហារកាន់តែឆ្ងាយចូលទៅរុស្ស៉ី ដូចជាគោលដៅយោធារុស្ស៉ីនៅក្បែរព្រំដែនជាដើម៕