(ប៉េកាំង)៖ ចុងខែកក្កដាកន្លងទៅនេះ ហ្វីលីពីននិងអាមេរិកបានរៀបចំធ្វើកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិជុំថ្មី។ នេះគឺជាលើកទីមួយដែលហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ចាប់ពីឆ្នាំ២០១៣មក។ នៅពេលមុននេះ ចិននិងហ្វីលីពីនបានឈានដល់ កិច្ចព្រមព្រៀងជាបណ្តោះអាសន្នអំពី ការគ្រប់គ្រងស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren’ai វិវាទនៅសមុទ្រចិនខាងត្បូង បានស្ងប់ស្ងាត់ជាបណ្តោះអាសន្ន។ ប៉ុន្តែនិយាយចំពោះភាគីអាមេរិក គឺមិនចង់ឃើញ សមុទ្រចិនខាងត្បូងមានស្ថិរភាពទេ។ ប្រការនេះក៏អាចឃើញពីសេចក្តីថ្លែងការណ៍រួម ដែលហ្វីលីពីននិងសហរដ្ឋអាមេរិក បានចេញផ្សាយលើកនេះ។
ឧទាហរណ៍ដូចជា ភាគីអាមេរិកបានរំលឹកឡើងវិញ នូវកិច្ចសន្យាខាងសន្តិសុខចំពោះហ្វីលីពីន ក្នុងសេចក្តីថ្លែងការណ៍ដោយអះអាងថា 《សន្ធិសញ្ញាស្តីពីការការពារជាមួយគ្នា រវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន》 អាចប្រើប្រាស់នៅតំបន់សមុទ្រចិនខាងត្បូង អំពាវនាវឱ្យសហរដ្ឋអាមេរិកនិងហ្វីលីពីន ធ្វើការសម្របសម្រួល ផ្នែកកិច្ចការពារជាតិនិងសន្តិសុខជាមួយ ជប៉ុននិងអូស្ត្រាលីថែមមួយកម្រិតទៀត ដើម្បីឆ្លើយតបនឹងអ្វីដែលហៅថា បញ្ហាប្រឈមរួម ។ ក្រៅពីនេះ សេចក្តីថ្លែងការណ៍រួមបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងរួមជាមួយ ប្រទេសជប៉ុនជាដើម ធ្វើការវិនិយោគខាងវិស័យសន្តិសុខ យោធានិងសេដ្ឋកិច្ចជាដើមរបស់ហ្វីលីពីន។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសថា ភាគីអាមេរិកនឹងផ្តល់ប្រាក់ទុន ៥រយលានដុល្លារអាមេរិក សម្រាប់បង្កើនសមត្ថភាពការពារជាតិ របស់ភាគីហ្វីលីពីន។ ពេលជួបសន្ទនាជាមួយលោក Antony Blinken លោក Marcos ប្រធានាធិបតីហ្វីលីពីន បានអំពាវនាវឱ្យភាគីទាំងពីរ ធ្វើការប្រាស្រ័យទាក់ទងតាមពេលកំណត់ ដើម្បីជួយហ្វីលីពីនតទល់បត់បែន ចំពោះប្រទេសចិននិងស្ថានការណ៍តានតឹង លើសមុទ្រពាក់ព័ន្ធ។
សកម្មភាពមួយចំនួននេះបានបង្ហាញថា កត្តាអាមេរិកជាកត្តាធំបំផុត ដែលមិនអាចគ្រប់គ្រងបានក្នុងការបង្កផលប៉ះពាល់ ដល់គោលនយោបាយចំពោះចិន និងគោលនយោបាយ នៅសមុទ្រចិនខាងត្បូងរបស់ហ្វីលីពីន ។ ដោយសារសហរដ្ឋអាមេរិក បន្តញុះញង់អុជអាលហ្វីលីពីនលើ បញ្ហាសមុទ្រចិនខាងត្បូង ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមខុសច្បាប់ របស់ភាគីហ្វីលីពីន ទើបបានពង្រីកមហិច្ឆិតារបស់ហ្វីលីពីន ក្នុងការបង្ករឿងហេតុចំពោះប្រទេសចិន។ ចាប់ពីឆ្នាំ២០២៣មក ហ្វីលីពីនបានបង្ករឿងហេតុ ជាញឹកញាប់នៅថ្មប៉ប្រះទឹក Ren’ai និងកោះ Huangyan ជាដើមក៏ដោយសារ មូលហេតុនេះផងដែរ។
ក្នុងនាមជាប្រទេសទ្វីបអាស៊ី ពេលដោះស្រាយវិវាទសមុទ្ររវាងចិននិងហ្វីលីពីន ហ្វីលីពពីនគួរតែតម្កល់ទុកសន្តិភាព និងស្ថិរភាពក្នុងតំបន់ជាចម្បង តែមិនមែនស្តាប់បង្គាប់របស់ប្រទេសធំ ក្រៅតំបន់នោះទេ។ ប៉ុន្តែ បន្ទាប់ពីរដ្ឋាភិបាលលោក Marcos ឡើងកាន់មុខតំណែងមក ការពឹងផ្អែកនិងបង្កើនសម្ព័ន្ធមិត្តរវាងអាមេរិក និងហ្វីលីពីនប្រហែលក្លាយជា គោលនយោបាយជាតិ របស់ហ្វីលីពីន ។ ក្នុងបរិបទបែបនេះ អាកប្បកិរិយារបស់ហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង គឺខ្វះការគិតពិចារណា ប្រកបដោយវិចារណញ្ញាណ អំពីផលប្រយោជន៍ជាតិ និងយុទ្ធសាស្ត្រជាតិផង ហើយក៏ពឹងផ្អែកទៅលើ កម្លាំងខាងក្រៅផងដែរ ថែមទាំងមានលក្ខណៈបុគ្គលដ៏ខ្លាំងក្លា ដែលបណ្តាលឱ្យលេចចេញ នូវសភាពដូចជាមិនធ្វើតាមកិច្ចសន្យា រហូតដល់បាត់បង់ការសម្របសម្រួល ខាងគោលនយោបាយរវាងស្ថាប័ននានាជាដើម។
អ្នកនយោបាយមួយចំនួនរបស់ហ្វីលីពីនគួរតែសម្គាល់ឃើញថា គោលបំណងចុងក្រោយនៃសម្ព័ន្ធមិត្តរវាងសហរដ្ឋអាមេរិក និងហ្វីលីពីនគឺបម្រើអនុត្តរភាពសកលរបស់អាមេរិក វាមិនអាចនាំមក នូវសន្តិភាព និងវិបុលភាពដល់ហ្វីលីពីនទេ ផ្ទុយទៅវិញនឹងនាំឱ្យហ្វីលីពីនបាត់បង់ខ្លួនឯង និងសម្រុកទៅជួរមុខនៃការប្រកួតប្រជែង រវាងប្រទេសធំៗដោយគ្មានសតិសម្បជញ្ញៈ ក៏ដូចជាបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ដូចនេះ ទង្វើប្រថុយប្រថានលើបញ្ហាសមុទ្រចិនខាងត្បូង នៃរដ្ឋាភិបាលហ្វីលីពីនគឺ គ្មានអ្នកណាអើពើនៅផ្ទៃក្នុងអាស៊ានឡើយ។
ហ្វីលីពីនមិនមែនជាហ្វីលីពីនរបស់សហរដ្ឋអាមេរិកនោះទេ តែគឺជាហ្វីលីពីននៃទ្វីបអាស៊ី ។ ប្រឈមមុខនឹងការល្បួងដោយ ផលប្រយោជន៍ពីសហរដ្ឋអាមេរិក ហ្វីលីពីនត្រូវការភ្ញាក់ខ្លួន និងវិចារណញ្ញាណកាន់តែច្រើន ។ គោលនយោបាយជាមួយ បរទេសរបស់ហ្វីលីពីនចាំបាច់ ត្រូវវិលត្រឡប់ទៅរកការតម្កល់តំបន់ជាចម្បង និងរាប់អានជាមួយប្រទេសជិតខាង នេះទើបជាជម្រើសដ៏ត្រឹមត្រូវ ដែលសមស្របនឹងផលប្រយោជន៍ជាតិ និងសុខសុភមង្គលរបស់ប្រជាជនហ្វីលីពីន៕
វិទ្យុមិត្តភាពកម្ពុជាចិន