(ប៉េកាំង)៖ កិច្ចសន្ទនាសកលស្តីពី "ឱកាសពិភពលោកដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកំណែទម្រង់របស់ប្រទេសចិន ក្នុងយុគសម័យថ្មី" ដែលរៀបចំដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំសកម្មភាពពិសេសនៅប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា តួកគី អាហ្វហ្កានីស្ថាន និងម៉ុងហ្គោលីជាដើម។អ្នកនយោបាយសំខាន់ៗ អ្នកជំនាញនៃធនាគារគំនិត ប្រធានសហគ្រាស ឥស្សរជនអ្នកសារព័ត៌មាននិងតំណាងយុវជន ដែលមកពីបណ្តាប្រទេសអាស៊ី បានជួបជុំគ្នា ដើម្បីពិភាក្សាអំពីការបំផុសគំនិតនិងឱកាស ដែលបានមកពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់ប្រទេសចិនសម្រាប់បណ្តាប្រទេសអាស៊ី។
សហលេខាធិការនៃវិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិមីយ៉ាន់ម៉ា បានថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលធ្វើឱ្យប្រជាជនគ្រប់រូប មានភាពសម្បូរសប្បាយជាមួយគ្នា។ គោលគំនិតនេះបានបង្ហាញពី ភាពបរិយាបន្តដែលមិនធ្លាប់មានកាលពីមុន ដែលគ្មាននៅក្នុងក្របខ័ណ្ឌពិភពលោកទេ។ ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលធ្វើឱ្យអរិយធម៌ខាងសម្ភារៈ និងអរិយធម៌ខាងវិញ្ញាណមានភាពស៊ីសង្វាក់គ្នា បានបង្កើតទំនាក់ទំនង ដែលរួមរស់ជាមួយគ្នារវាងសកម្មភាពមនុស្សជាតិ និងអេកូឡូស៊ីធម្មជាតិ ដែលជាការរួមចំណែកជាគំនិតបែបថ្មី សម្រាប់ដំណើរការធ្វើទំនើបកម្មសកល។
អ្នកទទួលខុសត្រូវនៃការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៃក្រសួងស្តារនិងអភិវឌ្ឍន៍ជនបទ នៃរដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្កានីស្ថាន បានថ្លែងថា ការអនុវត្តដ៏រស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន បានធ្វើឲ្យអ្នកផងទាំងឡាយមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ លោកបានមើលឃើញនូវរបបដ៏មានសុក្រឹតភាព តំបន់ជនបទដែលត្រូវបានអភិរក្សយ៉ាងល្អប្រសើរ បរិក្ខារកសិកម្មដ៏ទំនើប និងបច្ចេកទេសកសិកម្មដ៏ជឿនលឿន នៅតំបន់ជនបទនៃប្រទេសចិន ហើយសង្ឃឹមថា ប្រទេសចិននឹងចែករំលែកបទពិសោធអភិវឌ្ឍន៍ នៃការធ្វើទំនើបកម្មរបស់ខ្លួន ជាមួយប្រទេសអាហ្វហ្កានីស្ថាន៕