(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចោទថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ផ្សព្វផ្សាយពាក្យចចាមអារ៉ាមស្តីពីទំហំខូចខាត និងចំនួនមនុស្សស្លាប់ ដែលបង្កឡើងដោយគ្រោះទឹកជំនន់ នៅក្នុងប្រទេសរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០២៤។
ក្នុងសប្តាហ៍នេះ កូរ៉េខាងជើងបាននិយាយថា មានមនុស្សមួយចំនួនបានស្លាប់ ដោយសារទឹកជំនន់ នៅតំបន់ភាគខាងជើងប្រទេស ហើយផ្ទះសម្បែងរាប់ពាន់ខ្នង បានរងការខូចខាត។ កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងសេអ៊ូលបាននិយាយថា ខ្លួនស្ម័គ្រចិត្តផ្តល់ជំនួយមនុស្សធម៌ដល់ ជនរងគ្រោះទឹកជំនន់នៅកូរ៉េខាងជើង ក្រោយមានសេចក្តីរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងថា តួលេខមនុស្សស្លាប់ និងបាត់ខ្លួន អាចមានចំនួនខ្ពស់ដល់ទៅ ១,៥០០នាក់។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង TV Chosun ក៏បានរាយការណ៍ថា អាចមានបុគ្គលិកជួយសង្រ្គោះ បាត់បង់ជីវិត ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ ផងដែរ។
យ៉ាងណាមិញ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានថ្កោលទោសសេចក្កីរាយការណ៍ទាំងនោះ សម្រាប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត ដែលថាតួលេខមនុស្សស្លាប់ អាចលើសពី១,០០០នាក់ ឬក៏១,៥០០នាក់។ លោក គីម បានបន្ថែមថា សេចក្តីរាយការណ៍អំពីគ្រោះទឹកជំនន់ទាំងនោះ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់កូរ៉េខាងត្បូង ដើម្បីបង្កភាពអាម៉ាស និងបង្ខូចរូបភាពរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ សព្វថ្ងៃកំពុងស្ថិតនៅចំណុចដ៏យ៉ាប់យ៉ឺនមួយ គិតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក៏ប៉ុន្តែក្រសួងបង្រួបបង្រួម និងក្រសួងការបរទេសកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ បានសម្តែងការចូលរួមរំលែកទុក្ខ សម្រាប់ជនរងគ្រោះទឹកជំនន់ ដែលបានបាត់បង់ជីវិត នៅកូរ៉េខាងជើង។ កាលពីថ្ងៃសុក្រ ទីក្រុងសេអ៊ូលបាននិយាយថា ខ្លួនពុំទាន់ទទួលបានការឆ្លើយតបនៅឡើយនោះទេ ក្រោយព្យាយាមទៅកាន់កូរ៉េខាងជើង ដើម្បីស្នើផ្តល់ជំនួយមនុស្សធម៌។ ក្នុងឆ្នាំនេះ កូរ៉េខាងជើងបានប្រកាសចាត់ទុក កូរ៉េខាងត្បូងជាសត្រូវចម្បងរបស់ខ្លួន ខណៈទីក្រុងព្យុងយ៉ាង មិនដែលឆ្លើយតប ខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់អន្តរកូរ៉េឡើយ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣មក៕