(ហាណូយ)៖ នៅថ្ងៃសៅរ៍នេះ គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានសម្រេចប្រកាសតែងតាំងប្រធានាធិបតី លោក ​To Lam ជាមេដឹកនាំកំពូល ក្រោយមេដឹកនាំមុនទទួលមរណភាព កាលពី២សប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០២៤។

បក្សកុម្មុយនិស្តវៀតណាម បាននិយាយក្នុងសន្និសីទសារព័ត៌មានដូច្នេះថា «នាព្រឹកនេះ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ គណៈកម្មាធិការមជ្ឈិមបក្ស បានបោះឆ្នោតជ្រើសតាំងលោក Lam ជាអគ្គលេខាធិការ នៃគណបក្សកុម្មុយនិស្តវៀតណាម»។ នៅប្រទេសវៀតណាម តំណែងអគ្គលេខាធិការបក្សកុម្មុយនិស្ត គឺជាតំណែងដែលមានអំណាចធំជាងគេបង្អស់ ក្នុងរចនាសម្ព័ន្ធថ្នាក់ដឹកនាំ ពោលគឺធំជាងប្រធានាធិបតីទៅទៀត។ យ៉ាងណាមិញ វាមិនទាន់ច្បាស់នៅឡើយទេថា តើលោក Lam នឹងបន្តកាន់តួនាទីជា​ប្រធានាធិបតីដដែល ទន្ទឹមគ្នាជាមួយតំណែងអគ្គលេខាធិការ ឬមួយក៏បោះបង់ចោលតំណែងជាប្រធានាធិបតី។

គួរបញ្ជាក់ថា ការប្រកាសតែងតាំងលោក Lam ធ្វើឡើង រយៈពេល២សប្តាហ៍ បន្ទាប់ពីមរណភាពរបស់អគ្គលេខាធិការបក្សមុនគឺលោក Nguyen Phu Trong ដែលជាមេដឹកនាំវៀតណាមដ៏មានឥទ្ធិពលមួយរូប គិតក្នុងរយៈពេល ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ លោក Trong បានទទួលមរណភាពនៅរដ្ឋធានីហាណូយ ដោយសារតែវ័យចំណាស់គឺ៨០ឆ្នាំ បូករួមជាមួយស្ថានភាពជំងឺទ្រុឌទ្រោមខ្លាំង។ មួយថ្ងៃមុនលោក Trong ទទួលមរណភាព លោក Lam ត្រូវបានផ្តល់អំណាចបណ្តោះអាសន្ន ឱ្យកាន់តួនាទីជាអគ្គលេខាធិការបក្សស្តីទី៕