(ម៉ានីល)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ហ្វីលីពីននិងជប៉ុន បានធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូង នៅតំបន់សមុទ្រចិនខាងត្បូង ក្នុងកិច្ចសហប្រតិបត្តិការថ្មីចុងក្រោយបំផុត ដែលមានគោលដៅប្រឆាំងទប់ទល់ សកម្មភាពរបស់ចិន នៅក្នុងតំបន់។ នេះបើតាមដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០២៤។
សមយុទ្ធយោធាខាងលើ ដែលប្រារព្ធឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ប្រទេសហ្វីលីពីន គឺបានប្រព្រឹត្តទៅ ក្រោយការធ្វើសមយុទ្ធយោធាស្រដៀងគ្នា រវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃពុធសប្តាហ៍នេះ។ កងកម្លាំងប្រដាប់អាវុធហ្វីលីពីន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «សកម្មភាពនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់យើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ក្នុងគោលដៅឆ្ពោះទៅសម្រេចឱ្យបាន នូវតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហ»។
គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ ហ្វីលីពីននិងជប៉ុន ដែលសុទ្ធតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ទើបតែបានចុះកិច្ចព្រមព្រៀងយោធាមួយ អនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ព ទៅវិញទៅមករវាងភាគីទាំងពីរ។ ជាមួយគ្នានេះ ហ្វីលីពីនក៏ត្រៀមនឹងធ្វើសមយុទ្ធឆ្មាំសមុទ្រជាមួយវៀតណាមផងដែរ នៅសមុទ្រចិនខាងត្បូង ខណៈប្រទេសទាំងពីរ សុទ្ធតែជាភាគីពាក់ព័ន្ធ ក្នុងបញ្ហាជម្លោះទឹកដីនៅតំបន់សមុទ្រនេះ។ រីឯជប៉ុនឯណោះវិញ គឺមានបញ្ហាវិវាទជាមួយចិន នៅតំបន់សមុទ្រចិនខាងកើត។ ការធ្វើសមយុទ្ធទាំងនេះរបស់ហ្វីលីពីន កើតមានឡើង បន្ទាប់ពីខ្លួនបានមើលឃើញ ការកើនឡើងខ្លាំងនៃឧប្បត្តិហេតុប្រឈមមុខគ្នាជាបន្តបន្ទាប់ ជាមួយទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង៕