(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណកាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា យោធាអាមេរិកនឹងដាក់ពង្រាយយន្តហោះ ក៏ដូចជានាវាចម្បាំង បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈទីក្រុងវ៉ាស៉ីនតោន ព្យាយាមពង្រឹងការការពារ ក្រោយមានការគំរាមកំហែងពីអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ គឺក្រុមហាម៉ាសប៉ាឡេស្ទីន (Hamas) និងក្រុមហេសបូឡាលីបង់ (Hezbollah)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០២៤។
មន្ទីរបញ្ចកោណបានប្រកាសថា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានអនុញ្ញាតឱ្យមានការបញ្ជូននាវាចម្បាំងប្រភេទ cruiser ក៏ដូចជាប្រភេទ destroyer ដែលមានសមត្ថភាពបាញ់កម្ទេចមីស៉ីលបាលិស្ទីគ បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប។ ទន្ទឹមគ្នានេះ មន្ទីរបញ្ចកោណ ដែលជាក្រសួងការពារជាតិអាមេរិក ក៏នឹងបញ្ជូនកងយន្តហោះចម្បាំង១ក្រុមទៀត ទៅមជ្ឈិមបូព៌ាផងដែរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងត្រៀមលក្ខណៈសម្រាប់ការឆ្លើយតបរបស់អ៉ីរ៉ង់ ដែលបានប្តេជ្ញាសងសឹកវិញ ចំពោះការធ្វើឃាតលោក Ismail Haniyeh ដែលជាមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស ក្នុងសប្តាហ៍នេះ នៅឯទីក្រុងតេហេរ៉ង់របស់អ៉ីរ៉ង់។ ក្រុមហាម៉ាស និងអ៉ីរ៉ង់ បានចោទប្រកាន់អ៉ីស្រាអែល ជាអ្នកនៅពីក្រោយការធ្វើឃាតនេះ ខណៈអ៉ីស្រាអែលមិនបានចេញមុខទទួលស្គាល់ ឬក៏បដិសេធឡើយ។ ក្តីបារម្ភកាន់តែរីកធំឡើងៗថា សង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាស ដែលកំពុងបន្តតំបន់ Gaza អាចនឹងរីករាលដាល ក្លាយជាជម្លោះពេញតំបន់មជ្ឈិមបូព៌ាទាំងមូល៕