(កៀវ)៖ នៅបន្ទាប់ពីរង់ចាំអស់រយៈពេលយ៉ាងយូរ យន្ដហោះចម្បាំង F-16 ផលិតដោយអាមេរិកមួយចំនួន ដែលក្រុមប្រទេសលោកខាងលិចសន្យាផ្ដល់ឱ្យអ៊ុយក្រែន ឥលូវនេះត្រូវបានបញ្ជូនទៅដល់ដៃកងកម្លាំងអ៊ុយក្រែនហើយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Associated Press ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន។ យន្ដហោះចម្បាំង ដ៏ទំនើបមួយនេះត្រូវបានរំពឹងថានឹងធ្វើប្រតិបត្តិការនៅក្នុងដែនអាកាសអ៊ុយក្រែនក្នុងពេលឆាប់ៗ ហើយអាចនឹងផ្ដល់ថាមពលបន្ថែមដល់កងកម្លាំងយន្ដហោះចម្បាំងសល់ពីសម័យ សូវៀតរបស់អ៊ុយក្រែនសព្វថ្ងៃ ដែលកំពុងតស៊ូប្រយុទ្ធយ៉ាងលំបាកប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបើកភ្លើងបៃតងកាលពីខែសីហា ឆ្នាំ២០២៣ ឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនដែលមានយន្ដហោះចម្បាំង F-16​ នៅក្នុងដៃអាច បញ្ជូនយន្ដហោះចម្បាំងនេះទៅឱ្យអ៊ុយក្រែន ទោះបីជាសហរដ្ឋអាមេរិកខ្លួនឯងមិនបានផ្ដល់យន្ដហោះចម្បាំង F-16 ឱ្យទីក្រុងកៀវក្ដី។ មិនមានការបញ្ជាក់ថាតើ F-16 ប៉ុន្មានគ្រឿង ត្រូវបានបញ្ជូនទៅឱ្យអ៊ុយក្រែនទេ តែបែលហ្ស៉ិក ដាណឺម៉ាក ហូឡង់ និងន័រវែសបានសន្យាថានឹងផ្ដល់ជាង៦០គ្រឿង។ F-16 ត្រូវបានរំពឹងថានឹងជួយពង្រឹងសមត្ថភាពយោធា ប្រយុទ្ធតាមផ្លូវអាកាស និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគជឿថា F-16 មិនមែនជាអាវុធទេពអាចជួយឱ្យអ៊ុយក្រែនយកឈ្នះរុស្ស៉ី ឬធ្វើឱ្យ ស្ថានការណ៍សង្រ្គាមផ្អៀងមករកអ៊ុយក្រែនវិញនោះទេ។ ដូច្នេះតើវត្តមានយន្ដហោះចម្បាំង F-16​ អាចនឹងជះឥទ្ធិពលអ្វីខ្លះលើសង្រ្គាមអ៊ុយក្រែន?

* តើ F-16 អាចជួយអ្វីខ្លះដល់ការប្រយុទ្ធរបស់អ៊ុយក្រែន?
លោក Federico Borsari មកពី Center for European Policy Analysis មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា F-16 ទំនងជានឹងមានបេសកកម្មស្នូលចំនួន៣។ រួមមានការស្ទាក់ចាប់បំផ្លាញមីស៊ីល និងដ្រូនដែលរុស្ស៉ីបាញ់ស្រោចលើអ៊ុយក្រែនឥតឈប់ឈរ បំផ្លាញប្រព័ន្ធការពារដែនអាកាសសត្រូវ ព្រមទាំងវាយប្រហារលើទីតាំងកងទ័ពរុស្ស៉ី និងឃ្លាំងស្ដុកអាវុធដោយប្រើមីស៊ីលបាញ់ពីអាកាសទៅដី។ តាមលោក Borsari យន្ដហោះចម្បាំងផលិតដោយអាមេរិកមួយនេះនឹងមានឥទ្ធិពលមួយចំនួនលើសមរភូមិសង្រ្គាម។ ព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការដាក់ពង្រាយ F-16 ត្រូវបានលាក់ការ ហើយថាតើលោកខាងលិចនឹងអនុញ្ញាតឱ្យអ៊ុយក្រែនប្រើយន្ដហោះចម្បាំងនេះ វាយប្រហារលើគោលដៅណាខ្លះ ឬក៏ថាតើអាវុធអ្វីខ្លះដែលត្រូវបញ្ជូនទៅជាមួយ F-16 ក៏មិនត្រូវបានបង្ហើបឱ្យដឹងនោះដែរ។

F-16 អាចបំពាក់មីស៊ីលគ្រូស Storm Shadow ផលិតដោយចក្រភពអង់គ្លេសដែលបាញ់បានចម្ងាយជាង២៥០គីឡូម៉ែត្រ ហើយដែលចម្ងាយបាញ់នេះអាចឱ្យអ៊ុយក្រែនវាយប្រហារចូល ក្នុងទឹកដីរុស្ស៉ី។ F-16 ក៏អាចបំពាក់មីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ពីអាកាសទៅអាកាសដែលអាចគំរាមកំហែងដល់យន្ដហោះទម្លាក់គ្រាប់បែក និងយន្ដហោះចម្បាំងរុស្ស៉ីផងដែរ។ បន្ថែមពីលើនេះ ប្រព័ន្ធរ៉ាដាដ៏ទំនើបបំពាក់លើ F-16​ អាចអនុញ្ញាតឱ្យពីឡុតអ៊ុយក្រែនកំណត់គោលដៅវាយប្រហារបានឆ្ងាយជាងយន្ដហោះចម្បាំងដែលអ៊ុយក្រែន មានដូចជា MiG-29, Su-27 និង Su-24។ ការគ្រប់គ្រងដែនអាកាសគឺផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់កងទ័ពជើងគោក ពីព្រោះយន្ដហោះចម្បាំងអាចធ្វើជាខែលការពារកងទ័ពជើងគោក។ ប៉ុន្តែ ការប្រើប្រាស់ F-16 ដើម្បីគាំទ្រកងទ័ពអ៊ុយក្រែននៅសមរភូមិមុខ ក៏ប្រថុយនឹងហានិភ័យខ្ពស់នៃការបាញ់ទម្លាក់ដែរ ដោយសារតែរុស្ស៉ីមានប្រព័ន្ធការពារដែនអាកាសទំនើបៗ។ តែយ៉ាងណា មានប្រសើរជាងអត់ ហើយណាមួយ F-16 អាចនឹងជះឥទ្ធិពលក្រោមរូបភាពជាសង្រ្គាមចិត្តសាស្ត្រប្រឆាំងនឹងពីឡុតរុស្ស៉ី និងជាការលើកទឹកចិត្ត រួមទាំងស្មារតីបន្តការប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែន។

​* តើអ្វីទៅជាបញ្ហាប្រឈមសម្រាប់អ៊ុយក្រែន?
លោកស្រី Marina Miron ជាអ្នកជំនាញផ្នែកយោធាមកពីសាកលវិទ្យាល័យ King’s College London បាននិយាយថាអ៊ុយក្រែននឹងត្រូវជួបបញ្ហាប្រឈមជាច្រើន។ តាមលោកស្រី Miron ការបណ្ដុះបណ្ដាលមានរយៈពេលត្រឹមជាង ៩ខែនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបសម្រាប់ពីឡុតអ៊ុយក្រែន គឺមានរយៈពេលខ្លីពេក ខណៈជាធម្មតាការបណ្ដុះបណ្ដាលពីឡុតលោកខាងលិច ត្រូវចំណាយពេលដល់ទៅ ៣ឆ្នាំ។ បានន័យថាការបញ្ជាយន្ដហោះចម្បាំង F-16 របស់ពីឡុតអ៊ុយក្រែនអាចនៅមានកម្រិត។ ម្យ៉ាង F-16 ក៏តម្រូវឱ្យមានបុគ្គលិកជាច្រើននាក់ផងដែរ ដូចជា អ្នកជំនាញវិស្វកម្មថែទាំ អ្នកដំឡើងអាវុធ អ្នកវិភាគព័ត៌មានសម្ងាត់ និងក្រុមសង្រ្គោះបន្ទាន់។ ជាងនេះទៅទៀត អ៊ុយក្រែនក៏ត្រូវសង់បណ្ដាញស្ថានីយរ៉ាដា កន្លែងលាក់យន្ដហោះចម្បាំង ត្រៀមគ្រឿងបន្លាស់ និងប្រព័ន្ធចាក់សាំង រួមទាំងព្រលានយន្ដហោះមានគុណភាពខ្ពស់។ ពីឡុតអ៊ុយក្រែនដែលមិនមានបទពិសោធន៍បញ្ជា F-16 ក៏ប្រហែលជាមានការភ័យខ្លាច ឬស្ទាក់ស្ទើរ ក្នុងការប្រយុទ្ធនៅលើអាកាសជាមួយយន្ដហោះចម្បាំងរុស្ស៉ី។

* តើរុស្ស៉ីនឹងតបតយ៉ាងដូចម្ដេច?
អ្វីដែលលោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ចង់ឃើញ នោះគឺរូបភាពយន្ដហោះចម្បាំង F-16 ត្រូវបានបាញ់ទម្លាក់ដាក់នៅលើតុរបស់លោក។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា បាននិយាយថា F-16 មិនមែនជាឱសថទិព្វដែលអាចកែប្រែស្ថានការណ៍សង្រ្គាមទាំងស្រុងនោះឡើយ។ លោកបន្តថា អាជ្ញាធររុស្ស៉ី បានត្រៀមលក្ខណៈផ្ដល់រង្វាន់ដល់កងទ័ពរុស្ស៉ីណាដែលអាចកម្ទេចយន្ដហោះចម្បាំង F-16។ តាមក្រុមអ្នកជំនាញ កងទ័ពរុស្ស៉ីអាចនឹងព្យាយាមកម្ទេច F-16​ ដែលរក្សាទុកនៅលើដី ដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ។ ដូច្នេះអ៊ុយក្រែនចំាបាច់ត្រូវរក្សាទុក F-16 នៅកន្លែងសម្ងាត់ដោយត្រូវបែងចែកយន្ដហោះចម្បាំងនេះទុកនៅកន្លែងផ្សេងៗគ្នា និងត្រូវត្រៀមលក្ខណៈជានិច្ចដើម្បីហោះចេញភ្លាមៗ នៅពេលមានសញ្ញាអាសន្នព្រមានពីការវាយឆ្មក់តាមផ្លូវអាកាស។

អ៊ុយក្រែនធ្លាប់ឱ្យដឹងថាខ្លួននឹងរក្សាទុកយន្ដហោះចម្បាំង F-16 មួយចំនួននៅឯមូលដ្ឋានទ័ពបរទេស ដើម្បីការពារពីការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ ការអះអាងបែបនេះ បានធ្វើឱ្យលោក ពូទីនក្ដៅស្លឹកត្រចៀក និងគំរាមថារាល់មូលដ្ឋានទ័ពលោកខាងលិចទាំងណាដែលទទួលឱ្យយន្ដហោះចម្បាំងរបស់អ៊ុយក្រែននឹងក្លាយជាគោលដៅវាយប្រហារ ស្របច្បាប់របស់កងទ័ពរុស្ស៉ី។ ប៉ុន្តែខាងក្រុមមន្ត្រីអាមេរិកវិញបានបញ្ជាក់ថា F-16 នឹងឈរជើងនៅក្នុងប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា នៅលើអាកាស F-16 របស់អ៊ុយក្រែននឹងត្រូវប្រឈមមុខជាមួយសត្រូវរបស់ខ្លួន គឺប្រព័ន្ធខែលមីស៊ីលរុស្ស៉ី S-300 និង S-400 ដែលមានសមត្ថភាពវាយប្រហារលើយន្ដហោះចម្បាំងច្រើនក្នុងពេលតែមួយ។ យោធារុស្ស៉ីក៏មានផងដែរនូវយន្ដហោះចម្បាំងគ្រប់គ្រាន់ រួមទាំងប្រព័ន្ធរាដាឈ្លបយកការណ៍ស៊េរីទំនើប។ មិនតែប៉ុណ្ណោះបើតាមលោក Borsari យន្ដហោះចម្បាំង Su-35 នឹងក្លាយជាការគំរាមដ៏ធំសម្រាប់ F-16 ដោយយន្ដហោះចម្បាំងរុស្ស៉ីមួយនេះមានរ៉ាដារយៈចម្ងាយដែលអនុញ្ញាក្នុងការតាមដាន និងអាចកំណត់គោលដៅដល់ទៅ៨ ក្នុងពេលតែមួយ។ តែទោះជាយ៉ាងណាក៏ដោយ កងទ័ពរុស្ស៉ីដឹងយ៉ាងច្បាស់ថាពួកគេនឹងត្រូវប្រយុទ្ធតតាំងជាមួយយន្ដហោះចម្បាំងដ៏ទំនើបអស្ចារ្យបំផុតមួយជាង យន្ដហោះចម្បាំងដែលពួកគេធ្លាប់បានប្រយុទ្ធជាមួយក្នុងសង្រ្គាមមកទល់នឹងសព្វថ្ងៃ ដែលនេះអាចនឹងជំរុញឱ្យរុស្ស៉ីធ្វើសកម្មភាពកាន់តែប្រយ័ត្នប្រយែងជាងមុន៕