(ប៉ូឡូញ)៖ ប្រទេសប៉ូឡូញបានណែនាំប្រជាពលរដ្ឋរបស់ខ្លួន កុំឱ្យធ្វើដំណើរទៅកាន់ប្រទេសលីបង់ អ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយសារការភ័យខ្លាចពីជម្លោះដ៏ធំមួយនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ ២០២៤។
ក្រសួងការបរទេសប៉ូឡូញបានរំលឹកឡើងវិញនូវដំបូន្មានរបស់ខ្លួនកុំឱ្យធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ទោះបីជាមានភ្ញៀវទេសចរប៉ូឡូញមួយចំនួនកំពុងធ្វើដំណើរទៅកាន់ប្រទេសលីបង់ អ៊ីស្រាអែល និងអ៊ីរ៉ង់ក៏ដោយ។
ក្រសួងបានព្រមានថា ស្ថានភាពសន្តិសុខដែលមិនស្ថិតស្ថេរនៅក្នុងតំបន់នេះ អាចនឹងធ្វើឱ្យការចាកចេញពីប្រទេសទាំងបីកាន់តែពិបាក។
ក្រុមហ៊ុនអាកាសចរណ៍ LOT របស់ប៉ូឡូញ បានសម្រេចលុបចោលជើងហោះហើរទៅកាន់ប្រទេសលីបង់ និងអ៊ីស្រាអែល ដោយសារតែស្ថានភាពសន្តិសុខ។ ចំណែកឯ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនក៏កំពុងជៀសវាងដែនអាកាសអ៊ីរ៉ង់ និងលីបង់ និងលុបចោលជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល និងលីបង់ផងដែរ ដោយសារតែការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីជម្លោះក្នុងតំបន់ បន្ទាប់ពីសមាជិកជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធហាម៉ាស់ និង Hezbollah ត្រូវបានសម្លាប់៕