(អ៊ីស្លាម៉ាបាដ)៖ ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ក្នុងសប្តាហ៍នេះ ខណៈដែលទីក្រុង Lahore ដែលជាទីក្រុងធំទី២ កំពុងជន់លិចដោយទឹកភ្លៀងខ្លាំងបំផុត ក្នុងរយៈពេលជាង៤ទសវត្សរ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ ២០២៤។
រដូវវស្សាបាននាំមកនូវគ្រោះមហន្តរាយទឹកជំនន់ និងការបាក់ដីនៅទូទាំងតំបន់អាស៊ីខាងត្បូង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩៥នាក់ និងបាត់ខ្លួនស្ទើរតែ ២០០នាក់នៅក្នុងប្រទេសឥណ្ឌា។
ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប៉ាគីស្ថាន បានបណ្តាលឱ្យមានទឹកជំនន់ ការដួលរលំអគារ និងបង្កើនហានិភ័យនៃការឆក់ចរន្ត។ ទីក្រុង Lahore បានកត់ត្រាទឹកភ្លៀងខ្លាំងបំផុតក្នុងរយៈពេល ៤៤ឆ្នាំ និងមានការព្រមានអំពីទឹកជំនន់ភ្លាមៗនៅភាគខាងត្បូង។
នៅខេត្តខេប៊ើរ ប៉ាក់ទូនឃ្វា (Khyber Pakhtunkhwa) មនុស្ស ២៤នាក់បានស្លាប់ ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនៃភ្លៀងធ្លាក់ និងទឹកជំនន់ ដោយក្នុងនោះកុមារ១២នាក់។
អង្គការសហប្រជាជាតិ បានចាត់ទុកប្រទេសប៉ាគីស្ថាន ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលងាយរងគ្រោះបំផុតចំពោះអាកាសធាតុអាក្រក់ និងការប្រែប្រួលអាកាសធាតុ ដោយទឹកជំនន់ក្នុងឆ្នាំ ២០២២ បានសម្លាប់មនុស្សជាង ១,៧០០នាក់ និងបណ្តេញមនុស្សរាប់លាននាក់ចេញពីផ្ទះសម្បែង៕