(អង់ការា)៖ ក្រសួងការបរទេសអ៊ីស្រាអែល បានកោះហៅអនុប្រធានទូតតួកគីមកស្តីបន្ទោស បន្ទាប់ពីស្ថានទូតតួកគីបានបន្ទាបទង់ជាតិចុះពាក់កណ្តាលដង ដើម្បីកាន់ទុក្ខដល់លោក Ismail Haniyeh មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ ២០២៤។
រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Katz បានថ្លែងថា «រដ្ឋអ៊ីស្រាអែលនឹងមិនអត់ឱនចំពោះការបង្ហាញការកាន់ទុក្ខចំពោះឃាតករដូច Ismail Haniyeh ឡើយ»។
លោក Haniyeh ត្រូវបានសម្លាប់នៅទីក្រុង Tehran ខណៈពេលដែលនៅទីនោះ ដើម្បីចូលរួមពិធីអបអរសាទរប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian។ អ៊ីស្រាអែលមិនបានអះអាងជាផ្លូវការណាមួយអំពីការទទួលខុសត្រូវចំពោះការស្លាប់របស់គាត់ទេ ប៉ុន្តែអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរួមទាំងក្រុមហាម៉ាស់ និង Hezbollah បានចោទប្រកាន់អ៊ីស្រាអែលពីការធ្វើឃាត និងបានប្តេជ្ញាសងសឹក។
ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រកាសថ្ងៃសុក្រទី២ ខែសីហា ជាថ្ងៃកាន់ទុក្ខជាតិសម្រាប់លោក Haniyeh ។
អ្នកនាំពាក្យក្រសួងការបរទេសតួកគី លោក Oncu Keceli បានឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Katz នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បាននិយាយថា «អ្នកមិនអាចសម្រេចបានសន្តិភាព ដោយការសម្លាប់អ្នកចរចា ការគំរាមកំហែងអ្នកការទូតទេ»។