(សិង្ហបុរី)៖ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានចៀសវាងការធ្វើដំណើរឆ្លងកាត់ដែនអាកាស របស់ប្រទេសអ៉ីរ៉ង់ និងលីបង់ ហើយបានលុបចោលជើងហោះហើរទៅកាន់អ៉ីស្រាអែល ក៏ដូចជាលីបង់ ខណៈដែលក្តីបារម្ភកាន់តែកើនឡើង ជុំវិញលទ្ធភាពនៃការផ្ទុះជម្លោះក្នុងតំបន់ ក្រោយការសម្លាប់សមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាស និង Hezbollah ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ ២០២៤។
ក្រុមហ៊ុន Singapore Airlines បានឱ្យដឹងថា ខ្លួនបានបញ្ឈប់ការហោះហើរកាត់ដែនអាកាសអ៉ីរ៉ង់ ចាប់តាំងពីព្រលឹមថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) ហើយកំពុងប្រើផ្លូវជំនួស ព្រោះចាត់ទុកបញ្ហាសុវត្ថិភាពជាអាទិភាព។ ទិន្នន័យពីគេហទំព័រតាមដានការហោះហើរ Flightradar24 បានឱ្យដឹងថា ក្រុមហ៊ុន Taiwan's EVA Air និងក្រុមហ៊ុន China Airlines ក៏កំពុងចៀសវាង ការធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ សម្រាប់ជើងហោះហើរនាថ្ងៃសុក្រ ទៅកាន់ទីក្រុង Amsterdam របស់ហូឡង់ ដែលពីមុនតែធ្វើដំណើរតាមអ៉ីរ៉ង់។ ដោយឡែក OPSGROUP ដែលជាបន្តុំសមាជិកភាពចែករំលែកព័ត៌មាន ពីហានិភ័យ នៃការហោះហើរ បានណែនាំឱ្យការធ្វើចរាចរណ៍រវាងតំបន់អាស៉ី និងអឺរ៉ុប ចៀសវាងកាត់តាមដែនអាកាសអ៉ីរ៉ង់ និងអ៉ីរ៉ាក់។
ក្នុងរយៈពេលពីរថ្ងៃមកនេះ ក្រុមហ៊ុនអាកាសចរណ៍ Air India, Lufthansa Group របស់អាល្លឺម៉ង់, United Airlines និង ITA Airways របស់អ៉ីតាលី បានផ្អាកជើងហោះហើរទៅកាន់ទីក្រុង Tel Aviv។ ក្នុងសប្តាហ៍នេះ ក្រុមហ៊ុនអាកាសចរណ៍នានា ក៏បាននិងកំពុងលុបចោល ឬពន្យារពេលជើងហោះហើរទៅកាន់រដ្ឋធានី Beirut របស់លីបង់ ផងដែរ។ កាណាដា បានជូនដំណឹងឱ្យយន្តហោះចម្បាំងកាណាដាទាំងអស់ ចៀសវាងដែនអាកាសលីបង់ រយៈពេលមួយខែ ដោយសារតែហានិភ័យនៃសកម្មភាពយោធា។ ចក្រភពអង់គ្លេសឯណោះវិញ បានណែនាំដល់ពីឡុតរបស់ខ្លួន អំពីហានិភ័យដែលអាចកើតមាន ចេញពីយន្តហោះចម្បាំង និងសកម្មភាពយោធានៅក្នុងដែនអាកាសលីបង់៕