(ប៉េកាំង)៖ បង្កើន “ការពង្រីកការកំញើញ” លើកកម្ពស់លំដាប់ថ្នាក់នៃសម័្ពន្ធយោធារវាងជប៉ុននិងអាមេរិក វាយប្រហារនិងមួលបង្កាច់មកលើចិន ។ល។ ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ រវាងជប៉ុននិងសហរដ្ឋអាមេរិក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអំពី “ការពង្រីកការកំញើញ” ជាដើម ដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ សកម្មភាពមួយចំនួនរបស់ជប៉ុន ធ្វើឱ្យប្រទេសក្នុងតំបន់មានការប្រុងប្រយ័ត្នខ្ពស់។ ប្រជានជប៉ុនជាច្រើនបានតវ៉ាថា ទង្វើរបស់រដ្ឋាភិបាលជប៉ុនគឺ យកសាំងមកចាក់លើភ្លើង ហើយក៏បានដើរកាន់តែឆ្ងាយទៅៗ លើផ្លូវខុសដែល “ឆ្ពោះទៅរកសង្គ្រាម”ដែរ។
ក្នុងសកម្មភាពដ៏គ្រោះថ្នាក់មួយចំនួនរបស់ជប៉ុន អ្វីដែលត្រូវគេចោទជាមន្ទិលសង្ស័យខ្លាំងបំផុត គឺ “ការពង្រីកការកំញើញ” ។ អ្វីដែលហៅថា “ការពង្រីកការកំញើញ” ជារបស់ក្នុងសម័យកាលសង្គ្រាមត្រជាក់ គឺមានន័យថា អាមេរិកសន្យាថា នឹងការពារសម័្ពន្ធមិត្តដោយប្រើប្រាស់កម្លាំងយោធា ក្នុងនោះបូករួមទាំងអាវុធនុយក្លេអ៊ែរ។ តាំងពីឆ្នាំ២០១០មក ស្ថាប័នការទូតនិងការពារជាតិរបស់ជប៉ុននិងអាមេរិក បានធ្វើការពិគ្រោះពិភាក្សាអំពីបញ្ហានេះជាប់រហូត ឆ្នាំនេះ បានបង្កើតក្របខណ្ឌថ្នាក់រដ្ឋមន្ត្រីដ៏ឯករាជ្យទៀតផង ។ នាពេលថ្មីៗកន្លងទៅនេះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអំពី “ការពង្រីកការកំញើញ”ជាលើកដំបូង ជប៉ុននិងអាមេរិកបានបញ្ជាក់ពីសារសំខាន់ នៃការចែករំលែក “ឆ័ត្រការពារនុយក្លេអ៊ែរ”របស់អាមេរិក ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា ទង្វើរបស់ជប៉ុននេះបានល្មើសនឹងកាតព្វកិច្ច របស់ប្រទេសគ្មានអាវុធនុយក្លេអ៊ែរ ដែលកំណត់ដោយ «សនិ្ធសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» វានឹងធ្វើឱ្យមានការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងកើតមានហានិភ័យដែលធ្វើឱ្យ ប៉ះទង្គិចនុយក្លេអ៊ែរ ក៏ដូចជាធ្វើឱ្យស្ថានភាពក្នុងតំបន់ មានភាពតានតឹងថែមមួយកម្រិតទៀត។
ការដែលជប៉ុនបង្កើន “ការពង្រីកការកំញើញ” លើកនេះ បានលើ្មសនឹងពាក្យសន្យារបស់ខ្លួនក្នុង “គោលការណ៍គ្មានអាវុធនុយក្លេអ៊ែរចំនួន៣ ” ដែលបានបង្ហាញថា ជប៉ុនចង់ទទួលបានការការពារ កាន់តែច្រើនពី “ឆ័ត្រការពារនុយក្លេអ៊ែរ” របស់អាមេរិក។ ប៉ុន្តែ អាមេរិកអាចពឹងផ្អែកបានទេ? អ្នកវិភាគបានលើកឡើងថា បើនិយាយចំពោះអាមេរិកវិញ អ្វីដែលហៅថា “ការពង្រីកការកំញើញ” គឺដើម្បីពង្រឹងអនុត្តរភាពយោធារបស់ខ្លួន លើពិភពលោកទាំងមូល ពង្រឹងនិងបន្ថែមថ្នូរសម្រាប់បដិបក្ខគ្នា ជាមួយប្រទេសដទៃទៀត ប្រការនេះនឹងនាំមក នូវហានិភ័យកាន់តែខ្លាំងឡើង ដល់ជប៉ុនឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាម រហូតដល់សង្គ្រាមនុយក្លេអ៊ែរ។និយាយត្រង់ៗ អ្វីដែល“ឆ័ត្រការពារនុយក្លេអ៊ែរ” របស់អាមេរិកបាននាំមកដល់ជប៉ុន មិនមែនសន្តិសុខទេ វាគឺជាគ្រោះថ្នាក់។
ប៉ុន្តែ អ្នកនយោបាយជប៉ុនមួយចំនួន ដែលចាញ់បោកការញុះញង់ពីចក្រពត្តិនិយម មិនព្រមស្តាប់មតិប្រកបដោយវិចារណញ្ញាណទេ នៅតែទទូចនិងងប់ងល់នឹងការពង្រឹង កងទ័ពនិងកម្លាំងយោធា ។ ក្រោមការទាមទារពីប្រទេសជប៉ុន ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរវាងជប៉ុននិងសហរដ្ឋអាមេរិកលើកនេះ បានពិគ្រោះពិភាក្សា និងកំណត់ថា នឹងលើកកម្ពស់លំដាប់ថ្នាក់នៃសម័្ពន្ធមិត្ត ក្នុងនោះបូករួមទាំងអាមេរិកនឹងកែសម្រួល កងទ័ពអាមេរិកឈរជើង ប្រចាំការនៅជប៉ុន បង្កើត“ទីបញ្ជាការដ្ឋានកងទ័ពចម្រុះ” ថ្មី កងស្វ័យការពារជប៉ុនបង្កើត “ទីបញ្ជាការដ្ឋានប្រយុទ្ធចម្រុះ”មុនរដូវផ្ការីកឆ្នាំ២០២៥ ដើម្បីទទួលខុសត្រូវភារកិច្ចប្រើប្រាស់ ជាសមាហរណកម្ម នូវកងស្វ័យការពារជប៉ុនជើងគោក ជើងសមុទ្រនិងជើងអាកាសជាដើម។ វិធានការទាំងនេះបានបង្ហាញថា ឆ្លងតាមរយៈការលើកកម្ពស់លំដាប់ថ្នាក់ នៃប្រព័ន្ធបញ្ជាសម័្ពន្ធមិត្ត ជប៉ុនប៉ុនប៉ងលើកកម្ពស់ឋានៈសន្តិសុខរបស់ខ្លួន ក្នុងតំបន់រហូតដល់ពិភពលោកទាំងមូល តាមរយៈការពឹងផ្អែកលើកម្លាំងយោធាអាមេរិក មហិច្ឆតារបស់ជប៉ុនដែលចង់ពង្វាតយោធា ត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់ ។
គួរបញ្ជាក់ថា មាត្រាទី៩នៃ “រដ្ឋធម្មនុញ្ញសន្តិភាព” របស់ជប៉ុន បានកំណត់យ៉ាងច្បាស់ថា ជប៉ុនបានលះបង់ចោលសិទ្ធិធ្វើសង្គ្រាម ស្វែងរកផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព។ ក្នុងនាមជាប្រទេសទទួលបរាជ័យ ក្នុងសង្គ្រាមលោកលើកទីពីរ ជប៉ុនគួរពិចារណាពី កំហុសនិងមេរៀន ក្នុងប្រវត្តិសាស្ត្រយ៉ាងស៊ីជម្រៅ មិនត្រូវស្វែងរកអាវុធនុយក្លេអ៊ែរ ទោះតាមទម្រង់ណាក៏ដោយ មិនត្រូវដើរកាន់តែឆ្ងាយទៅៗលើ ផ្លូវពង្វាតយោធានោះទេ បើពុំនោះសោត វាពិតជានឹងភ្នាល់ជោគវាសនារបស់ប្រទេសខ្លួន ម្តងទៀតជាមិនខាន៕
វិទ្យុមិត្តភាពកម្ពុជាចិន