(សេអ៊ូល)៖ នៅថ្ងៃសុក្រនេះ កូរ៉េខាងត្បូងបាននិយាយថា ខ្លួនមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ ក្រោយព្យាយាមទាក់ទងទៅកាន់កូរ៉េខាងជើង ដើម្បីស្នើផ្តល់ជំនួយមនុស្សធម៌ បន្ទាប់ពីឃើញមានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់និងការខូចខាតធ្ងន់ធ្ងរ បង្កឡើងដោយគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤។
ក្រសួងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនមានឆន្ទៈផ្តល់ឱ្យជាបន្ទាន់ នូវជំនួយមនុស្សធម៌ ដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ នៅកូរ៉េខាងជើង ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង។ នៅថ្ងៃសុក្រនេះ ទីក្រុងសេអ៊ូលបាននិយាយថា ក្រសួងបង្រួបបង្រួមបានព្យាយាមទាក់ទងកូរ៉េខាងជើង ដើម្បីស្នើផ្តល់ជំនួយ ប៉ុន្តែទីក្រុងព្យុងយ៉ាង មិនទាន់បានឆ្លើយតប នៅឡើយទេ។ ទោះជាបែបនេះក្តី កូរ៉េខាងត្បូងបានបន្តថា ខ្លួននឹងមិនធ្វើការសន្និដ្ឋានណាមួយទេ ដោយនឹងនៅតែបន្តទន្ទឹងរង់ចាំ ការឆ្លើយតបពីកូរ៉េខាងជើង។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ កូរ៉េខាងជើងបានរាយការណ៍ថា ការធ្លាក់ភ្លៀងយ៉ាងខ្លាំងជោគជាំ បានវាយប្រហារលើតំបន់ភាគខាងជើង ក្បែរព្រំប្រទល់ចិន តាំងតែពីថ្ងៃទី២៧ ខែកក្កដា ដែលជាលទ្ធផលបង្កឱ្យមានស្ថានភាពធ្ងន់ធ្ងរ ដោយមនុស្សច្រើនជាង៥,០០០នាក់ ត្រូវជាប់នៅតំបន់ ដែលរងគ្រោះដោយទឹកជំនន់។ កាលពីថ្ងៃពុធ ទីក្រុងព្យុងយ៉ាង បាននិយាយថា អគារនិងផ្លូវជាច្រើន ព្រមទាំងលំនៅដ្ឋានជាង៤,១០០ខ្នង និងផ្ទៃដីស្រែចម្ការជិត៣,០០០ហិកតា ត្រូវបានជន់លិចនៅតំបន់ Sinuiju និង Uiju ភាគខាងជើងប្រទេស។ បើតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង TV Chosun មនុស្សខ្ទង់រាប់រយនាក់ ប្រហែលជាបានបាត់បង់ជីវិត ក្នុងគ្រោះមហន្តរាយទឹកជំនន់ នៅកូរ៉េខាងជើង នាពេលថ្មីៗនេះ៕