(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ ២០២៤នេះ អាល្លឺម៉ង់បានចូលរួមជាផ្លូវការ ជាមួយទីបញ្ជាការអង្គការសហប្រជាជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក (UNC) នៅប្រទេសកូរ៉េខាងត្បូង ដោយនឹងសហការជាមួយប្រទេសផ្សេងទៀត ដែលបានដាក់ប៉ូលិសឱ្យទៅការពារ នៅព្រំដែនជាមួយកូរ៉េខាងជើង ហើយប្តេជ្ញាជួយការពារកូរ៉េខាងត្បូង ក្នុងករណីមានសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងចេញពីទីបញ្ជាការកណ្តាលយោធាអាមេរិក ក្នុងខេត្ត Pyeongtaek ភាគខាងត្បូងរដ្ឋធានីសេអ៊ូល លោក Boris Pistorius រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់និយាយថា ចំណាត់ការនេះ គឺជាសញ្ញាច្បាស់លាស់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងបែរឡាំង ដើម្បីសន្តិភាព និងសន្តិសុខ ក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក។ យើងកំពុងនាំការប្តេជ្ញាចិត្តរបស់យើង ឡើងទៅរកកម្រិតអចិន្ត្រៃយ៍»។ តាមលោក Pistorius ជាផ្នែកមួយនៃ UNC អាល្លឺម៉ង់ នឹងរួមចំណែកទទួលខុសត្រូវ លើកិច្ចការពារព្រំដែនកូរ៉េខាងត្បូង ជាមួយកូរ៉េខាងជើង។ ចំណែក លោក Paul LaCamera មេបញ្ជាការ UNC និងកងកម្លាំងអាមេរិកនៅកូរ៉េ បាននិយាយថា ការបន្ថែមវត្តមានរបស់អាល្លឺម៉ង់ ធ្វើឱ្យទស្សនវិស័យរបស់ UNC កាន់តែសម្បូរបែប ហើយនិងជួយជំរុញសមត្ថភាពរបស់ UNC ផងដែរ។

គួរបញ្ជាក់ថា អាល្លឺម៉ង់ គឺជាប្រទេសទី ១៨ ដែលចូលរួមជាមួយទីបញ្ជាការ UNC និងចុងក្រោយគេបង្អស់បន្ទាប់ពីអ៉ីតាលី ចូលរួមកាលពីឆ្នាំ ២០១៣៕