(ព្រុចសែល)៖ ប្រធានកិច្ចការផ្ទៃក្នុងរបស់សហភាពអឺរ៉ុប (EU) បានព្រមានប្រទេសហុងគ្រីថា ការសម្រេចចិត្តដើម្បីបន្ធូរបន្ថយការរឹតត្បិតលើទិដ្ឋាការ សម្រាប់ជនជាតិរុស្ស៉ី ជនជាតិបេឡារុស នឹងជាការគំរាមកំហែងដល់សន្តិសុខ ហើយត្រូវចាត់វិធានការ ប្រសិនបើការព្រួយបារម្ភនេះ មិនត្រូវបានដោះស្រាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ ២០២៤។
ស្នងការកិច្ចការផ្ទៃក្នុង លោកស្រី Ylva Johansson បានបញ្ជាក់ក្នុងសារមួយដែលបង្ហោះតាមបណ្តាញសង្គម X កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដូច្នេះថា «រុស្ស៉ី ជាការគំរាមកំហែងផ្នែកសន្តិសុខ។ យើងត្រូវតែប្រុងប្រយ័ត្នឱ្យខ្លាំង។ តាមរយៈសារមួយនេះ ខ្ញុំសូមឱ្យរដ្ឋាភិបាលហុងគ្រី ពន្យល់។ ប្រសិនបើ វិធីសាស្រ្តដើម្បីចូលមកក្នុងប្រទេសប្រកបដោយភាពងាយស្រួល ដែលហុងគ្រីបានដាក់ចេញនោះមានហានិភ័យ យើងនឹងចាត់វិធានការ»។
គួរបញ្ជាក់ថា កាលពីខែមុន ហុងគ្រី បានពង្រីកកម្មវិធីអន្តោប្រវេសន៍របស់ខ្លួន ដោយរួមបញ្ចូលនូវការអនុញ្ញាតឱ្យជនជាតិរុស្ស៉ី និងជនជាតិបេឡារុស អាចកាន់កាតមួយហៅថា national card ដូចអ្នកផ្សេងទៀតដែរ។ អ្នកកាន់កាតបែបនេះ នឹងត្រូវបានអនុញ្ញាតឱ្យមកធ្វើការនៅហុងគ្រី ដោយមិនចាំបាច់មានការធានាផ្នែកសន្តិសុខ ហើយអាចនាំក្រុមគ្រួសាររបស់ពួកគេមកជាមួយបានទៀត។
សកម្មភាពនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមមន្ត្រីសហភាពអឺរ៉ុប ដែលនិយាយថា រុស្ស៉ី និងបេឡារុស អាចប្រើឱកាសចូលមកតាមរយៈប្រទេសហុងគ្រី ដើម្បីបញ្ជូនក្រុមអ្នកស៉ើបការណ៍ ទៅតំបន់គ្មានព្រំដែនរបស់សហភាពអឺរ៉ុប គឺ Schengen ខណៈដែលប្លុកនេះកំពុងព្យាយាមផ្តាច់ខ្លួនពីទីក្រុងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន៕