(ស៉ីដនី)៖ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោក Penny Wong បាននិយាយនៅថ្ងៃសុក្រនេះថា ការពិនិត្យឡើងវិញរបស់រដ្ឋាភិបាលអូស្រ្តាលី ជុំវិញការស្លាប់បុគ្គលិកផ្តល់ជំនួយក្នុងតំបន់ហ្កាហ្សា រកឃើញថាមានភាពបរាជ័យធ្ងន់ធ្ងរ ក្នុងការអនុវត្តនីតិវិធីដោយយោធាអ៉ីស្រាអែល ទើបបណ្តាលឱ្យការវាយប្រហារតាមផ្លូវអាកាស ត្រូវចំយានយន្តរបស់បុគ្គលិកផ្តល់ជំនួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ ២០២៤។
របាយការណ៍ពិនិត្យឡើងវិញរបស់រដ្ឋាភិបាលអូស្រ្តាលី ចេញផ្សាយនៅថ្ងៃនេះបង្ហាញថា មានកំហុសធ្ងន់ធ្ងរលើការអនុវត្តនីតិវិធីក្នុងចំណោមកងទ័ពអ៉ីស្រាអែល ការកំណត់អត្តសញ្ញាណខុស និងកំហុសក្នុងការសម្រេចចិត្ត។ លោកស្រី Wong និយាយថា អូស្ត្រាលីនឹងជំរុញឱ្យអ្នកដែលអនុវត្តខុសទទួលខុសត្រូវយ៉ាងពេញលេញ រួមទាំងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌផងដែរ ប្រសិនបើមានហេតុផលគ្រប់គ្រាន់។ លោកស្រីបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «អគ្គមេធាវីយោធាអ៉ីស្រាអែល (Military Advocate General of Israel) នៅត្រូវការពេលសម្រេចចិត្តលើចំណាត់ការបន្ថែមទៀត ហើយយើងរំពឹងទុកថា នឹងមានតម្លាភាពក្នុងដំណើរការ និងសេចក្តីសម្រេចនោះ»។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល កាលពីខែមេសា បានសម្លាប់បុគ្គលិកមនុស្សធម៌ ៧នាក់មកពីអង្គការ World Central Kitchen ក្នុងតំបន់ហ្កាហ្សា។ អ្នកស្លាប់ រួមមាន ពលរដ្ឋអូស្ត្រាលី អង់គ្លេស ប៉ូឡូញ ព្រមទាំងប៉ាឡេស្ទីន និងពលរដ្ឋសញ្ជាតិអាមេរិក-កាណាដាម្នាក់។ ការស្លាប់នេះ នាំឱ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួន៕