(ឌូបៃ)៖ ក្រុមមន្ត្រីកំពូលៗរបស់អ៉ីរ៉ង់ នឹងត្រូវជួបជាមួយក្រុមមន្ត្រីនៃសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់នៅក្នុងតំបន់មកពីប្រទេសលីបង់ អ៉ីរ៉ាក់ និងយេម៉ែន នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាពីវិធានការសងសឹកប្រឆាំងនឹងអ៉ីស្រាអែល បន្ទាប់ពីការសម្លាប់មេដឹកនាំហាម៉ាសក្នុងទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
ប្រភពចំនួន៥ បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាក្រុមមន្ត្រីមកពីក្រុមហាម៉ាស និងក្រុម Islamic Jihad ព្រមទាំងក្រុមហ៊ូទីយេម៉ែន និងក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ក៏ដូចជាក្រុមចលនាតស៊ូក្នុងប្រទេសអ៉ីរ៉ាក់ នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងតេហេរ៉ង់។ «អ៉ីរ៉ង់ និងសមាជិកចលនាតស៊ូ នឹងធ្វើការវាយតម្លៃយ៉ាង ល្អិតល្អន់ នៅបន្ទាប់ពីកិច្ចប្រជុំក្នុងទីក្រុងតេហេរ៉ង់ ក្នុងការស្វែងរកមធ្យោបាយដ៏ល្អ និងមានប្រសិទ្ធភាព ដើម្បីសងសឹកនឹងរបប Zionist (អ៉ីស្រាអែល)»។ នេះជាការបញ្ជាក់របស់ មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់ដែលបានដឹងពីកិច្ចប្រជុំខាងលើ។
គួរបញ្ជាក់ថា តំបន់មជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងហានិភ័យនៃសង្រ្គាមរវាងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ បន្ទាប់ពីការសម្លាប់មេដឹកនាំនយោបាយហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់កាលពីថ្ងៃពុធ និងការសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡាម្នាក់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើទីក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ៕