(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា បានប្រកាសទទួលស្គាល់គូប្រជែងរបស់លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro និងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រឆាំង គឺលោក Edmundo Gonzalez Urrutia ជាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាសរបស់ វ៉េណេស៊ុយអេឡា ដោយទាត់ចោលការអះអាងជ័យជម្នះរបស់លោក Maduro។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅក្នុងសេចក្ដីថ្លែងការណ៍មួយ បានគូសបញ្ជាក់ដូច្នេះថា «ផ្អែកលើភស្ដុតាងយ៉ាងពេញលេញ វាគឺច្បាស់ណាស់ចំពោះ សហរដ្ឋអាមេរិក និងសំខាន់បំផុតសម្រាប់ប្រជាជនវ៉េណេស៊ុយអេឡាថាលោក Edmundo Gonzalez Urrutia ទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងការបោះឆ្នោត ប្រធានាធិបតីវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី២៨ ខែកក្កដា»។
គួរបញ្ជាក់ថា ជម្លោះជុំវិញលទ្ធផលបោះឆ្នោតបានបង្កឱ្យផ្ទុះបាតុកម្មតវ៉ានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ គណៈកម្មការរៀបចំការបោះឆ្នោតវ៉េណេស៊ុយអេឡា បានប្រកាសថា លោក Maduro ដែលកាន់អំណាចចាប់តាំងពីឆ្នាំ២០១៣មក គឺជាអ្នកឈ្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២៨ ខែកក្កដា ដោយទទួលបានសំឡេងគាំទ្រ ៥១ភាគរយនៃសន្លឹកឆ្នោតសរុប។ ក៏ប៉ុន្តែ ខាងគណបក្សប្រឆាំងបានអះអាងថាលទ្ធផលឆ្នោតរាប់បាន ៩០ភាគរយ បានបង្ហាញថាលោក Gonzalez ទទួលបានសំឡេងគាំទ្រ ច្រើនជាង ២ដង លើសលោក Maduro ខណៈប្រទេសមួយចំនួនបានអំពាវនាវឱ្យមានការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតឡើងវិញ៕