(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ថាទីក្រុងវ៉ាស៊ីនតោនមានការប្ដេជ្ញាចិត្តការពារសន្តិសុខរបស់អ៉ីស្រាអែល ប្រឆាំងនឹងការគំរាមកំហែងគ្រប់ទម្រង់ទាំងអស់ពីអ៉ីរ៉ង់ ប្រឈមមុខនឹងការគំរាមសងសឹករបស់ ទីក្រុងតេហេរ៉ង់ បន្ទាប់ពីមេដឹកនាំហាម៉ាសត្រូវបានសម្លាប់នៅលើទឹកដីអ៉ីរ៉ង់។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សេតវិមានបានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក ចូ បៃដិន រួមជាមួយអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក ណេតាន់យ៉ាហ៊ូ ហើយនៅក្នុងកិច្ចសន្ទនានេះមេដឹកនាំអាមេរិកទាំង២ ក៏បានសង្កត់ធ្ងន់ផងដែរពីកិច្ចប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ទៀតថា លោក បៃដិន បានបង្ហាញការប្ដេជ្ញាចិត្តឡើងវិញចំពោះការការពារសន្តិសុខរបស់អ៉ីស្រាអែល ប្រឆាំងនឹងរាល់ការគំរាមកំហែង ទាំងពីសំណាក់អ៉ីរ៉ង់ រួមទាំងក្រុម Proxy របស់អ៉ីរ៉ង់ ដូចជាហាម៉ាស ហេសបូឡា និងក្រុមហ៊ូទី។ «លោកប្រធានាធិបតី បានពិភាក្សាពីកិច្ចប្រឹងប្រែងដើម្បីការពារ អ៉ីស្រាអែលប្រឆាំងនឹងការគំរាមកំហែង ក្នុងនោះរួមមានការវាយប្រហារដោយមីស៊ីលបាលិស្ទីគ និងដ្រូន ព្រមទាំងមធ្យោបាយការពារថ្មីបន្ថែមទៀត»។ នេះជា ការបញ្ជាក់បន្ថែមរបស់សេតវិមាន។
គួរបញ្ជាក់ថា កិច្ចសន្ទនារវាងមេដឹកនាំអាមេរិក និងអ៉ីស្រាអែល កើតមានឡើងបន្ទាប់ពីអ៉ីស្រាអែលបានប្រកាសពីការសម្លាប់មេបញ្ជាការជាន់ខ្ពស់ហេសបូឡា លោក Fuad Shukr ក្នុងការវាយប្រហារតាមផ្លូវអាកាសមួយលើទីក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃអង្គារ រួមទាំងការធ្វើឃាតមេដឹកនាំនយោបាយហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់។ អ៉ីរ៉ង់ និងក្រុមហាម៉ាសបានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកសម្លាប់លោក Haniyeh តែអ៉ីស្រាអែលមិនបានប្រកែក ហើយក៏មិនទទួលស្គាល់នោះដែរ។ ទាំងអ៉ីរ៉ង់ និងហាម៉ាសសុទ្ធតែបានគំរាមសងសឹកអ៉ីស្រាអែល៕