(វ៉ាស៊ីនតោន)៖ រុស្ស៉ី បានយល់ព្រមដោះលែងអ្នកកាសែតអាមេរិក លោក Evan Gershkovich និងអតីតទាហានម៉ារីនអាមេរិក លោក Paul Whelan កាលពី ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងដោះដូរអ្នកទោសក្នុងទ្រង់ទ្រាយធំមួយមិនធ្លាប់មាន ចាប់តាំងពីសង្រ្គាមត្រជាក់បិទបញ្ចប់មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេតវិមាន បាននិយាយថាសហរដ្ឋអាមេរិក បានចរចាជាមួយរុស្ស៉ី អាល្លឺម៉ង់ និងប្រទេស៣ផ្សេងទៀត ហើយកិច្ចព្រមព្រៀងត្រូវបានឯកភាពក្នុងកិច្ចចរចាជាសម្ងាត់ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ ក្រោមកិច្ចព្រមព្រៀងនេះ អ្នកទោស ២៤នាក់នឹងត្រូវបានដោះលែងដោយក្នុងនោះរួមមានអ្នកទោស១៦នាក់ ត្រូវបានបញ្ជូនចេញពីរុស្ស៉ីទៅកាន់លោកខាងលិច និងអ្នកទោស ៨នាក់ត្រូវបានបញ្ជូនពីលោកខាងលិចត្រឡប់ទៅរុស្ស៉ីវិញ។
អាល្លឺម៉ង់ក៏បានទទួលស្គាល់ដែរថានៅក្នុងចំណោមអ្នកទោសដែលស្ថិតក្នុងកិច្ចព្រមព្រៀងដោះដូរអ្នកទោសខាងលើ មានជនជាតិរុស្ស៉ីម្នាក់ឈ្មោះ Vadim Krasikov ដែលត្រូវបានកាត់ទោសពីបទសម្លាប់សកម្មជនប្រឆាំងម្នាក់រស់នៅនិរទេសខ្លួនក្នុងទីក្រុងបែរឡាំង។ ចំណែកឯ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានបង្ហាញការសាទររៀងៗខ្លួនចំពោះការឈានដល់កិច្ចព្រមព្រៀងដោះដូរអ្នកទោសរវាងលោកខាងលិច និងរុស្ស៉ី។
គួរបញ្ជាក់ថា ការដោះដូរអ្នកទោសធំចុងក្រោយបំផុតរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ធ្វើឡើងកាលពីឆ្នាំ២០១០ ដែលមានអ្នកទោសចំនួន១៤នាក់ត្រូវបានដោះដូរគ្នា ទៅវិញទៅមក៕