(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានស្នើសុំកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ទាក់ទងនឹងភាពតានតឹងដែលកំពុងកើនឡើងជុំវិញលទ្ធផលនៃការបោះឆ្នោតចម្រូងចម្រាសនៅវេណេស៊ុយអេឡា។ ប្រភពព័ត៌មានប្រេស៊ីលបានបង្ហើបព័ត៌មាននេះដល់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍។
ប៉ុស្តិ៍ទូរទស្សន៍ GloboNews បានរាយការណ៍ជាលើកដំបូងអំពីការស្នើសុំនេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីពេលវេលាជាក់លាក់នៃការសន្ទនានេះនៅឡើយទេ។
ប្រភពបានបន្ថែមថា លោក Lula ក៏គ្រោងនឹងពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador និងប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro នៅថ្ងៃព្រហស្បតិ៍ដដែល ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅវេណេស៊ុយអេឡា បន្ទាប់ពីការបោះឆ្នោតឡើងវិញរបស់លោក Maduro ។
លោក Lopez Obrador ក៏បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកផងដែរថា លោកអាចនឹងពិភាក្សាជាមួយសមភាគីមកពីប្រេស៊ីល និងកូឡុំប៊ីអំពីវេណេស៊ុយអេឡា។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ លោក Lopez Obrador បានអះអាងថា មិនមានភស្តុតាងនៃការក្លែងបន្លំនៅក្នុងការបោះឆ្នោតរបស់វេណេស៊ុយអេឡានោះទេ ប៉ុន្តែបានស្នើឱ្យមានការបង្ហាញលទ្ធផលបោះឆ្នោតទាំងអស់ជាសាធារណៈ៕