(ការ៉ាកាស)៖ ប្រទេសប្រេស៊ីល បានទទួលយកការគ្រប់គ្រងបរិវេណស្ថានទូតអាហ្សង់ទីននៅរដ្ឋធានីការ៉ាកាស បន្ទាប់ពីរដ្ឋាភិបាលវេណេស៊ុយអេឡាបានបណ្ដេញអ្នកការទូតអាហ្សង់ទីនចេញពីប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ ២០២៤។
ប្រេស៊ីលបានយល់ព្រមថែរក្សាផលប្រយោជន៍របស់អាហ្សង់ទីននៅវេណេស៊ុយអេឡា តាមការស្នើសុំរបស់អាហ្សង់ទីន ហើយទង់ជាតិប្រេស៊ីលត្រូវបានលើកនៅលើគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតនៅថ្ងៃព្រហស្បតិ៍នេះ។
ការបណ្ដេញអ្នកការទូតអាហ្សង់ទីនចេញពីប្រទេស ធ្វើឡើងដោយរដ្ឋាភិបាលប្រធានាធិបតី Nicolas Maduro បន្ទាប់ពីរដ្ឋាភិបាលទីក្រុង Buenos Aires បានរិះគន់ការប្រកាសជាប់ឆ្នោតឡើងវិញរបស់លោក ក្នុងការបោះឆ្នោតចុងសប្តាហ៍មុន ដែលជាលទ្ធផលដែលក្រុមប្រឆាំងមិនទទួលស្គាល់។
ប្រេស៊ីលនឹងសម្របសម្រួលដោះស្រាយបញ្ហានានា ដែលពាក់ព័ន្ធនឹងពលរដ្ឋអាហ្សង់ទីននៅក្នុងប្រទេសវេណេស៊ុយអេឡា ជាពិសេសជោគវាសនារបស់មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡាចំនួន 6 រូប ដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុងស្ថានទូតអាហ្សង់ទីន។
គួរបញ្ជាក់ថា កាលពីខែមីនា ជំនួយការមេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោកស្រី María Corina Machado បានស្នើសុំសិទ្ធិជ្រកកោននៅស្ថានទូត បន្ទាប់ពីរដ្ឋអាជ្ញាមូលដ្ឋានបានចេញដីកាចាប់ខ្លួនពួកគេពីបទឃុបឃិត។ លោកស្រី Machado ដែលបានបដិសេធការចោទប្រកាន់ណាមួយ អំពីការប្រព្រឹត្តខុសរបស់ក្រុមរបស់លោកស្រី ត្រូវបានរារាំងមិនឱ្យក្លាយជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតី បើទោះបីជាលោកស្រីជាបេក្ខជនឈានមុខគេក្នុងការស្ទង់មតិក៏ដោយ៕