(ហ្ស៊េរុយសាឡិម)៖ ជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា បានចូលដល់ដំណាក់កាលថ្មីមួយទៀត នៅបន្ទាប់ពីមេដឹកនាំនយោបាយក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានសម្លាប់ ក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ រីឯមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡាលីបង់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងបេរូត។ ក្រុមហាម៉ាស និងអ៉ីរ៉ង់បានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកសម្លាប់លោក Haniyeh កាលពីព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា។ អ៉ីស្រាអែលមិនបានបដិសេធ ហើយក៏មិនបានទទួលស្គាល់ជុំវិញ ការធ្វើឃាតមេដឹកនាំហាម៉ាសរូបនេះដែរ តែបានទទួលស្គាល់កាលពីថ្ងៃអង្គារថាខ្លួនបានវាយប្រហារតាមផ្លូវអាការសម្លាប់មេបញ្ជាកការក្រុមហេសបូឡា លោក Fuad Shukr ជាការសងសឹកទៅការវាយប្រហារដោយគ្រាប់រ៉ុក្កែតសម្លាប់មនុស្ស១២នាក់ នៅតំបន់ Golan Heights ដែលអ៉ីស្រាអែលចោទថាជាស្នាដៃរបស់ហេសបូឡា។
ទាំងអ៉ីរ៉ង់ ហាម៉ាស និងហេសបូឡាសុទ្ធតែបានប្រកាសថានឹងសងសឹកអ៉ីស្រាអែល ប៉ុន្តែការសងសឹកដែលគេកំពុងទន្ទឹងរង់ចាំមើលជាងគេ នោះគឺអ៉ីរ៉ង់។ ពីព្រោះថាការសម្រេចចិត្ត ថាត្រូវសងសឹកអ៉ីស្រាអែលវិញដោយរបៀបណា អាចនឹងកំណត់ថាតើតំបន់មជ្ឈិមបូព៌ាទាំងមូលអាចនឹងធ្លាក់ចូលក្នុងភ្លើងសង្រ្គាមដែរឬក៏យ៉ាងណា? បើតាមក្រុមអ្នកវិភាគ អ៉ីរ៉ង់ ប្រាកដណាស់ត្រូវតែសងសឹក។ ដ្បិតការធ្វើឃាតលោក Haniyeh មិនមែនត្រឹមតែជាការវាយប្រហារប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់ហាម៉ាសម្នាក់តែប៉ុណ្ណោះទេ តែវាក៏បន្សល់ទុកនូវ ភាពអាម៉ាស់ និងសារគំរាមចំពោះថ្នាក់ដឹកនាំអ៉ីរ៉ង់ផ្ទាល់ ហើយក៏បង្ហាញដែរថាតើចារកម្មអ៉ីស្រាអែលអាចទម្លុះចូលប្រព័ន្ធសន្តិសុខរបស់អ៉ីរ៉ង់បានជ្រៅដល់កម្រិតណា?
តួយ៉ាង លោក Ali Akbar Behmanesh ជាអ្នកនយោបាយ និងប្រធានក្រុមការងារយុទ្ធនាឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអ៉ីរ៉ង់ថ្មី លោក Masoud Pezeshkian បាននិយាយថា ការវាយប្រហារសម្លាប់លោក Haniyeh ប្រៀបបានដូចជាការដាល់អ៉ីរ៉ង់មួយដៃបែកកញ្ចប់មាត់ និងជារឿងដ៏អាម៉ាស់សម្រាប់អ៉ីរ៉ង់ ហើយថែមទាំងបំផ្លាញប្រព័ន្ធសន្តិសុខរបស់អ៉ីរ៉ង់ ទាំងមូល និងបង្ហាញថាអ៉ីរ៉ង់មានកម្សោយខាងចារកម្មទៀតផង។
ម្យ៉ាងវិញទៀត ការជ្រើសរើសទីតាំងក្នុងការសម្លាប់លោក Haniyeh នៅលើទឹកដីអ៉ីរ៉ង់ និងចំពេលប្រធានាធិបតីថ្មីរបស់អ៉ីរ៉ង់ លោក Pezeshkian ស្បថចូលកាន់តំណែង មិនមែនជារឿង ចៃដន្យឡើយ។ មានភ្ញៀវកតិ្តយសបរទេសមកពីជាង ៨០ប្រទេសដែលបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែង ក្រោមការរឹតបន្តឹងសន្តិសុខ។ ម្លោះហើយ ការសម្លាប់លោក Haniyeh គឺជាសារមួយបញ្ជូនយ៉ាងច្បាស់ថា «ការធ្វើឃាតនេះមិនមែនត្រឹមតែជាការសងសឹកប្រឆាំងនឹងមេដឹកនាំហាម៉ាស សម្រាប់ការវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នោះទេ តែវាក៏ជាការដាស់តឿនមួយដល់ថ្នាក់ដឹកនាំអ៉ីរ៉ង់ដែរថាពួកគេក៏មិនអាចរួចខ្លួននោះដែរ។ ដូច្នេះតើអ៉ីរ៉ង់មានជម្រើសអ្វីដើម្បីសងសឹកអ៉ីស្រាអែល?
ក្រុមអ្នកវិភាគបាននិយាយថាអ៉ីរ៉ង់មានជម្រើសជាច្រើន។ អ៉ីរ៉ង់អាចនឹងបើកការវាយប្រហារដោយមីស៊ីល និងដ្រូន បាញ់ស្រោចដាក់លើអ៉ីស្រាអែល ដូចដែលតេហេរ៉ង់បានធ្វើជាលើក ដំបូងក្នុងពេល៤៥ឆ្នាំ កាលពីខែមេសាកន្លងទៅ ជាការសងសឹកនឹងអ៉ីស្រាអែល ដែលបានវាយប្រហារតាមផ្លូវអាកាសលើស្ថានកុងស៊ុលក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរីសម្លាប់ មេបញ្ជាការយោធារបស់ខ្លួន ៧នាក់។ អ៉ីរ៉ង់ក៏អាចជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាហេសបូឡានៅលីបង់ ហ៊ូទីនៅយេម៉ែន រួមទាំងចលនាប្រដាប់អាវុធរបស់ខ្លួនទាំងអស់ក្នុងតំបន់ មជ្ឈិមបូព៌ា បង្កើនការវាយប្រហារលើអ៉ីស្រាអែល និងផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ឬក៏តាមធ្វើឃាតមន្ត្រីការទូត ឬក្រុមមន្ត្រីអ៉ីស្រាអែល ឬក៏វាយប្រហារលើបេសកកម្ម របស់អ៉ីស្រាអែលនៅបរទេសផងដែរ។ ក៏ប៉ុន្តែ ជម្រើសទាំងអស់នេះសុទ្ធតែមានហានិភ័យងាយនឹងផ្ទុះទៅជាសង្រ្គាមទ្រង់ទ្រាយធំ។ ជាឧទាហរណ៍៖ ប្រសិនបើអ៉ីរ៉ង់បាញ់ស្រោចមីស៊ីល និងដ្រូន ដាក់អ៉ីស្រាអែលដូចកាលពីខែមេសា នោះវានឹងបង្កើតជាវដ្ដវិលជុំនៃការសងសឹកដាក់គ្នាទៅវិញទៅមក។ ដូចគ្នាដែរ ប្រសិនបើអ៉ីរ៉ង់ជំរុញឱ្យហេសបូឡា បង្កើនការវាយប្រហារលើ តំបន់ព្រំដែនភាគខាងជើងរបស់អ៉ីស្រាអែល ឬឱ្យក្រុមហ៊ូទីបង្កើនការវាយប្រហារនៅក្នុងតំបន់សមុទ្រក្រហម នោះសង្រ្គាមនៅហ្កាហ្សា អាចនឹងធ្លាយចូលទៅក្នុងទឹកដីលីបង់ ឬក៏បង្ខំឱ្យ សហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ការពារអ៉ីស្រាអែល។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃពុធ ទី៣១ ខែកក្កដាថាលោកមិនជឿនោះទេថាសង្រ្គាមទ្រង់ទ្រាយធំមិនអាចបញ្ចៀសបាន តែថាអាមេរិក នឹងធ្វើអន្តរាគមន៍ភ្លាមៗ បើអ៉ីស្រាអែលរងការវាយប្រហារ។ ក្រុមអ្នកវិភាគមួយចំនួន ដូចជាលោក Joost Hiltermann ជានាយកកម្មវិធីមជ្ឈិមបូព៌ា នៃស្ថាប័ន International Crisis Group នៅតែយល់ថាក្នុងពេលបច្ចុប្បន្ន វាមិនមែនជាប្រយោជន៍សម្រាប់អ៉ីរ៉ង់នោះទេ ក្នុងការធ្វើសង្រ្គាមពេញទំហឹងជាមួយអ៉ីស្រាអែល។ «អ៉ីរ៉ង់នឹងបញ្ជាឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ឬធ្វើសកម្មភាព ដោយផ្ទាល់ នៅពេលដែលផលប្រយោជន៍ស្នូលរបស់ខ្លួនរងការគំរាមកំហែង ឬត្រូវបានបំផ្លាញតែប៉ុណ្ណោះ។ តែឥលូវ ពេលវេលានោះមិនទាន់មកដល់ទេ»។ នេះជាការគូសបញ្ជាក់របស់ លោក Hiltermann។ តែយ៉ាងនេះក្ដី នៅសល់ជម្រើសមួយទៀតដែលមានហានិភ័យខ្ពស់បំផុត ក្នុងចំណោមជម្រើសដែលអ៉ីរ៉ង់មាន នោះគឺថាតើអ៉ីរ៉ង់នឹងសម្រេចចិត្តដើរជំហានចុងក្រោយ ឆ្ពោះទៅរកការផលិតគ្រាប់បែកនុយក្លេអ៊ែរ ដែរឬអត់?
គួរបញ្ជាក់ថា នៅបន្ទាប់ពីការធ្វើឃាតលោក Ismail Haniyeh មានថ្នាក់ដឹកនាំហាម៉ាស៣នាក់ ដែលគេរំពឹងថាអាចឡើងកាន់តំណែងជាមេដឹកនាំនយោបាយរបស់ហាម៉ាសជំនួស លោក Haniyeh។ មេហាម៉ាសទាំងនោះរួមមានលោក Khaled Meshaal លោក Khalil al-Hayya និងលោក Musa Abu Marzuk។ លោក Meshaal ជាអនុប្រធានរបស់លោក Haniyeh។ ក្រុមមន្ត្រីកាតា ក្រុមអ្នកវិភាគ និងហាម៉ាសបាននិយាយថានៅក្រោមការដឹកនាំរបស់លោក Meshaal ហាម៉ាស នឹងក្លាយជាតួអង្គដ៏សំខាន់មួយក្នុងជម្លោះនៅមជ្ឈិមបូព៌ា ដោយសារតែ បុគ្គលិលក្ខណៈ ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់លោកក្នុងតំបន់។ លោក Meshaal បានគេចផុតពីការប៉ុនប៉ងធ្វើឃាតរបស់អ៉ីស្រាអែលក្នុងឆ្នាំ១៩៩៧។ ប៉ុន្តែ លោក Meshaal មិនសូវមានទំនាក់ទំនងល្អជាមួយអ៉ីរ៉ង់នោះទេ ជុំវិញការគាំទ្ររបស់លោកចំពោះកងកម្លាំងស៊ុននីតដែលធ្វើការបះបោរប្រឆាំងនឹងប្រធានាធិបតីស៊ីរី លោក Bashar al-Assad កាលពីឆ្នាំ២០១១។
ចំណែក លោក Khalil al-Hayya ក៏ជាបេក្ខជនម្នាក់ដែរ ដោយរូបលោកទទួលបានការទុកចិត្តពីអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តអ៉ីរ៉ង់ក្នុងតំបន់ ខណៈលោក Musa Abu Marzuk វិញ មានគោលជំហរ ស្រដៀងគ្នានឹងលោក Haniyeh៕