(អង់ការា)៖ តួកគីដែលជាមាជិកអង្គការណាតូ បានរារាំងកិច្ចសហប្រតិបត្តិការរវាងណាតូ និងអ៊ីស្រាអែល ចាប់ពីខែតុលា ដោយសារតែសង្គ្រាមនៅតំបន់ហ្គាហ្សា ហើយបាននិយាយថា សម្ព័ន្ធភាពមិនគួរចូលរួមជាមួយអ៊ីស្រាអែលជាដៃគូ រហូតដល់មានការបញ្ចប់ជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ ២០២៤។
អ៊ីស្រាអែលប្រកាន់យកឋានៈជាដៃគូរបស់អង្គការណាតូ ហើយបានជំរុញទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តយោធា និងសមាជិកមួយចំនួនរបស់ខ្លួន ជាពិសេសសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់ខ្លួនគឺសហរដ្ឋអាមេរិក។
មុនការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាដែលបង្កឡើង ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសបានវាយលុកថ្ងៃទី៧ តុលា សមាជិកណាតូតួកគីបាននិងកំពុងធ្វើការដើម្បីជួសជុលទំនាក់ទំនងដែលតានតឹងជាយូរមកហើយជាមួយអ៊ីស្រាអែល។
ចាប់តាំងពីពេលនោះមក ទីក្រុងអង់ការ៉ាបានរិះគន់យ៉ាងខ្លាំងក្លាចំពោះប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលខ្លួននិយាយថា ជាអំពើប្រល័យពូជសាសន៍ ហើយបានបញ្ឈប់ពាណិជ្ជកម្មទ្វេភាគីទាំងអស់។ វាក៏បានថ្កោលទោសសម្ព័ន្ធមិត្តលោកខាងលិចជាច្រើនចំពោះការគាំទ្ររបស់ពួកគេចំពោះអ៊ីស្រាអែលផងដែរ។
បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោនកាលពីខែកក្កដា ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា វាមិនអាចទៅរួចទេសម្រាប់អង្គការណាតូ ក្នុងការបន្តភាពជាដៃគូជាមួយរដ្ឋបាលអ៊ីស្រាអែល៕