(ម៉ូស្គូ)៖ វិមានក្រឹមឡាំង បានគំរាមបាញ់ទម្លាក់យន្តហោះចម្បាំង F-16 ដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែន ដោយអះអាងថា វានឹងមិនអាចផ្លាស់ប្តូរស្ថានការណ៍នៅក្នុងសមរភូមិនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ ២០២៤។
ក្រោយមន្ត្រីលីទុយអានី និងអាមេរិកបញ្ជាក់ថាអ៊ុយក្រែនទទួលបានយន្តហោះ F-16 ដំបូង អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសពីការគំរាមបាញ់ទម្លាក់យន្តហោះទាំងនោះ។
លោក Peskov បានអះអាងថាយន្តហោះ F-16 ទាំងនោះនឹងមិនមែនជា «ថ្នាំវេទមន្ត» សម្រាប់អ៊ុយក្រែនទេ ហើយថាយន្តហោះទាំងនោះនឹងត្រូវបានបាញ់ទម្លាក់ និងបំផ្លាញចោល។ លោកបានបន្ថែមថា ការផ្តល់យន្តហោះចម្បាំងទាំងនេះមិនអាចផ្លាស់ប្តូរស្ថានការណ៍នៅក្នុងសមរភូមិបានគួរឱ្យកត់សម្គាល់នោះទេ។
គួរបញ្ជាក់ថា ការថ្លែងនេះបានបង្ហាញពីការតាំងចិត្តរបស់រុស្ស៊ី ក្នុងការប្រឈមមុខនឹងការគាំទ្រយោធាបន្ថែមទៀតដល់អ៊ុយក្រែន និងបង្កើនភាពតានតឹងនៅក្នុងសង្គ្រាមដែលកំពុងបន្ត៕