(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ប្រទេសទាំងពីរជប៉ុននិងសហរដ្ឋអាមេរិក បានចេញផ្សាយសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីរៀបចំធ្វើការពិគ្រោះពិភាក្សា រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិថា ប្រទេសទាំងពីរបញ្ជាក់ថា កងទ័ពអាមេរិកប្រចាំនៅជប៉ុននឹងបង្កើត “អគ្គបញ្ជាការដ្ឋាននៃកងទ័ពចម្រុះ” ពោលគឺអគ្គបញ្ជាការដ្ឋាន នៃកងទ័ពអាមេរិកប្រចាំនៅជប៉ុន ដែលនឹងក្លាយជាទីបញ្ជាការទូទៅ នៃកងទ័ពគ្រប់ប្រភេទឬហៅថា “កងទ័ពចម្រុះ” ដែលអាចគ្រោងផែនការប្រតិបត្តិការទ្រង់ទ្រាយធំ ជាមួយភាគីជប៉ុន ប្រការនេះបានទាក់ទាញការយកចិត្តទុកដាក់ យ៉ាងទូលំទូលាយពីសាធារណមតិអន្តរជាតិ។
តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាមួយ អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេត ទូទាំងពិភពលោកបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោក ចំនួន៨១,៦៩ភាគរយបានយល់ឃើញថា ការដែលជប៉ុននិងសហរដ្ឋអាមេរិកបង្កើត “ក្រុមតូច”ខាងសន្តិសុខយោធាជា ការគំរាមកំហែងថ្មីដែលបង្កផលប៉ះពាល់ ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ សហគមន៍អន្តរជាតិត្រូវមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោក ចំនួន៩០,៣៣ភាគរយបានយល់ឃើញថា ជប៉ុនបានដើរកាន់តែឆ្ងាយតាមផ្លូវប្រកបដោយគ្រោះថ្នាក់ ដែលល្មើសនឹងធម្មនុញ្ញសន្តិភាព ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៧,៧៥ភាគរយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទង្វើរបស់ជប៉ុនផ្គាប់ចិត្តសហរដ្ឋអាមេរិក លើបញ្ហាសន្តិសុខការទូត ដោយព្រួយបារម្ភថា ទង្វើនេះនឹងបំផ្លាញសន្តិភាព និងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក និងបង្កើនការបដិបក្ខគ្នាជាក្រុមក្នុងតំបន់ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,៩៣ភាគរយ អំពាវនាវឱ្យរដ្ឋាភិបាលជប៉ុន បង្ហាញពីភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់ខ្លួន តាក់តែងគោលនយោបាយការទូត ដែលសមស្របយ៉ាងពិតប្រាកដ នឹងផលប្រយោជន៍ជាតិជប៉ុន ដើម្បីទទួលបានទំនុកចិត្ត ពីប្រទេសជិតខាងនៅអាស៊ីនិងសហគមន៍អន្តរជាតិ តាមរយៈសកម្មភាពជាក់ស្តែង៕
វិទ្យុមិត្តភាពកម្ពុជាចិន