(ញូវដែលី)៖ មុនស្សចំនួន ១១នាក់បានស្លាប់ បន្ទាប់ពីភ្លៀងខ្លាំងបោកបក់ទៅលើតំបន់ផ្សេងៗ នៃភាគខាងជើងប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ ហើយមនុស្សច្រើនជាង ២៥០នាក់កំពុងបាត់ខ្លួន ដោយសារតែភ្លៀងធ្លាក់នៅតំបន់ជួរភ្នំ Himalayas រួមទាំងបានបង្អាក់ដំណើរបស់ក្រុមអ្នកធ្វើធម្មយាត្រា នៅទីតាំងធម្មយាត្រាដ៏ល្បីល្បាញមួយផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ ២០២៤។
នាយកដ្ឋានឧតុនិយមរបស់រដ្ឋ បានកត់ត្រាពីភ្លៀងធ្លាក់កម្រិត ១៨៣មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក នៅឯគោលដៅទេសចរណ៍ដ៏ពេញនិយម Dharamshala ក្នុងរដ្ឋ Himachal Pradesh។ មនុស្សច្រើនជាង ៥០នាក់បានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុង Shimla របស់រដ្ឋ Himachal Pradesh និងតំបន់ជុំវិញ។ បើតាមអភិបាល លោក Sukhvinder Singh Sukhu ប្រតិបត្តិការជួយសង្រ្គោះកំពុងបន្ត។ មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីរបាំងថ្មនៃរោងចក្រថាមពលមួយផ្ទុះឡើង។
ដោយឡែក កាសែត Indian Express បានរាយការណ៍ថា មនុស្ស ៤នាក់បានស្លាប់ ក្រោយពីភ្លៀងធ្លាក់យ៉ាងគំហុក នៅក្នុងរដ្ឋ Uttarakhand ហើយអ្នកធ្វើធម្មយាត្រាចំនួន ២០០នាក់ត្រូវជាប់គាំងនៅតាមផ្លូវ។ នៅឯទីក្រុង Delhi ភ្លៀងធ្លាក់មួយរំពិច កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ កម្រិត ១៤៧មីលីម៉ែត្រ ត្រូវបានកត់ត្រានៅតំបន់ភាគខាងកើតនៃទីក្រុង និងនៅជាយក្រុង បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងនៅលើតំបន់ភ្នំនៃប្រទេសឥណ្ឌា និងប្រទេសជិតខាង គឺប៉ាគីស្ថាន ក៏ដូចជានេប៉ាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានក្រុមអ្នកជំនាញចាត់ទុកថា បណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ កាលពីដើមសប្តាហ៍ ការអិលបាក់ដីនៅតំបន់ចម្ការតែ និងភូមិនានានៅភាគខាងត្បូងនៃរដ្ឋ Kerala របស់ឥណ្ឌា បានឆក់យកអាយុជីវិតមនុស្សចំនួន ១៧៨នាក់៕