(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែលនាថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា មេដឹកនាំកងកម្លាំងយោធារបស់ ក្រុមហាម៉ាសប៉ាឡេស្ទីន លោក Mohammed Deif ពិតជាបានបាត់បង់ជីវិតប្រាកដមែន ក្នុងការវាយប្រហារតាមផ្លូវអាកាសមួយ របស់អ៉ីស្រាអែល កាលពីខែកក្កដាកន្លងទៅ នៅឯតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤។
យោធាអ៉ីស្រាអែលបាននិយាយយ៉ាងដូច្នេះថា «កងកម្លាំងការពារជាតិអ៉ីស្រាអែល IDF បានប្រកាសថា កាលពីថ្ងៃទី១៣ ខែកក្កដា កងយន្តហោះចម្បាំងរបស់ IDF បានវាយប្រហារតំបន់មួយ ក្នុងទីក្រុង Khan Yunis ភាគខាងត្បូងតំបន់ Gaza ហើយបន្ទាប់ពីការវាយតម្លៃយ៉ាងល្អិតល្អន់លើព័ត៌មានសម្ងាត់ វាអាចជឿជាក់បាន១០០ភាគរយថា Mohammed Deif ពិតជាត្រូវបានសម្លាប់ ក្នុងការវាយប្រហារ នាពេលនោះ»។
លោក Deif ត្រូវបានអ៉ីស្រាអែលជឿថា ស្ថិតក្នុងចំណោមេខ្លោងរៀបចំផែនការ វាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មកលើភាគខាងត្បូងអ៉ីស្រាអែល ដែលជាសកម្មភាពបង្កឱ្យផ្ទុះសង្រ្គាមដ៏បង្ហូរឈាមនៅ Gaza ដែលគិតមកទល់ពេលនេះ មានរយៈពេលប្រមាណ៣០០ថ្ងៃហើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Ismail Haniyeh ដែលជាមេដឹកនាំនយោបាយរបស់ហាម៉ាស ទើបតែត្រូវបានគេធ្វើឃាត នៅទីក្រុងតេហេរ៉ង់នៃប្រទេសអ៉ីរ៉ង់ ប៉ុន្មានម៉ោង ក្រោយលោកចូលរួម ពីធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីអ៉ីរ៉ង់ថ្មី។ អ៉ីស្រាអែល មិនបានចេញមុខអះអាងថា ការធ្វើឃាតនោះ គឺជាទង្វើរបស់ខ្លួន ឬក៏យ៉ាងណាទេ ប៉ុន្តែអ៉ីរ៉ង់និងក្រុមហាម៉ាស បានចោទប្រកាន់លើអ៉ីស្រាអែល ហើយព្រមានធ្វើសកម្មភាពសងសឹក៕