(ប៉េកាំង)៖ នៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងររវាងប្រទេសចិន និងលោកខាងលិច ប្រទេសអ៊ីតាលីបានដើរតួអង្គយ៉ាងពិសេស។ ក្នុងប្រវត្តិសាស្ត្រ ផ្លូវសូត្របុរាណបានតភ្ជាប់ប្រទេសអរិយធម៌បុរាណទាំងពីរនេះ។ កាលពីជាង៧រយឆ្នាំមុន លោកMarco Poloអ្នកដើរផ្សងព្រេងបានធ្វើដំណើរនៅប្រទេសចិន ដែលបានបើកបង្អួចឱ្យលោកខាងលិចយល់ដឹងពីប្រទេសចិន។ រឿងរ៉ាវរបស់គាត់ ត្រូវបានល្បីរន្ទឺនៅទូទាំងប្រទេសចិន ហើយបានក្លាយជានិមិត្តរូបនៃមិត្តភាព។

ឆ្នាំនេះគឺជាខួបលើកទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអ៊ីតាលី។ នៅពេលចុងក្រោយនេះ លោកស្រី Meloniនាយករដ្ឋមន្ត្រីអ៊ីតាលី បានបំពេញទស្សនកិច្ចលើកដំបូងរបស់ខ្លួន នៅប្រទេសចិនក្នុងកំឡុងពេលកាន់តំណែង។ នៅថ្ងៃទី២៩ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនា ជាមួយលោកស្រីនៅទីក្រុងប៉េកាំង។ មេដឹកនាំនៃប្រទេសទាំងពីរ សុទ្ធតែបានលើកឡើងដល់ "ស្មារតីផ្លូវសូត្រ"

ហេតុអ្វីបានជា "ស្មារតីផ្លូវសូត្រ" ត្រូវបានមេដឹកនាំនៃប្រទេសទាំងពីរយកចិត្តទុកដាក់ម្ល៉េះ? នេះមិនត្រឹមតែ ដោយសារវាជា ការចងចាំប្រវត្តិសាស្រ្តនិងចំណងវប្បធម៌រួម របស់ប្រជាជនចិននិងអ៊ីតាលីប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារស្មារតីនេះ ប្រកបដោយទស្សនៈស្តីពីសន្តិភាព ការបើកចំហនិងកិច្ចសហប្រតិបត្តិការរបស់វា បានឆ្លុះបញ្ចាំងពីលក្ខណៈពិសេស ដែលកកើតឡើងក្នុងទំនាក់ទំនង រវាងចិននិងអ៊ីតាលីកន្លងមកផងដែរ ដែលសមស្របទៅនឹងនិន្នាការអភិវឌ្ឍន៍ និងប្រកបដោយគុណតម្លៃនៃយុគ្គសម័យ។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនៅអាស៊ីរបស់អ៊ីតាលី ទំហំពាណិជ្ជកម្មទ្វេភាគីបានលើសពី៧០ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា។ នាពេលបច្ចុប្បន្ន មានសហគ្រាសអ៊ីតាលីចំនួនជាង១៦០០ កំពុងធ្វើអាជីវកម្មនៅប្រទេសចិន ហើយផលិតផលអ៊ីតាលីដូចជាសម្លៀកបំពាក់ ម្ហូបអាហារនិងរថយន្តជាដើមមានកេរ្តិ៍ឈ្មោះបោះសំឡេង យ៉ាងខ្លាំងនៅប្រទេសចិន។ ក្នុងនាមជាសមាជិកដ៏សំខាន់ នៃអង្គការសហប្រជាជាតិនិងប្រទេស G20 ចិននិងអ៊ីតាលី សុទ្ធតែផ្តួចផ្តើមឱ្យមានពហុភាគីនិយម និងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។ល។ ចំណុចរួមទាំងនេះ បានធ្វើឱ្យមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ រវាងចិននិងអ៊ីតាលីមានភាពរឹងមាំ។

មជ្ឈដ្ឋានខាងក្រៅ បានកត់សម្គាល់ឃើញថា មុនពេល លោកស្រី Meloni នាយករដ្ឋមន្ត្រីអ៊ីតាលី បំពេញទស្សនកិច្ច នៅប្រទេសចិន កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ ទើបបានបញ្ចប់។ កិច្ចប្រជុំពេញអង្គ បានរៀបចំចាត់ចែងការធ្វើកំណែទម្រង់ ឱ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយបន្ថែមទៀត ហើយបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា ប្រទេសចិននឹងពង្រីកការបើកចំហ ចំពោះបរទេស។ ក្រោមស្ថានភាពថ្មី តើធ្វើយ៉ាងដូចម្តេចដើម្បីបង្កើន កិច្ចសហប្រតិបត្តិការរវាងចិននិងអ៊ីតាលី? មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាថា ត្រូវតែជំរុញកិច្ចសហប្រតិបត្តិការនឹង ការវិនិយោគផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី និងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យងើបឡើងថ្មី ដូចជាការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា រថយន្តដើរដោយថាមពលអគ្គិសនីនិ ងបញ្ញាសិប្បនិម្មិតជាដើម។ភាគីចិនសូមស្វាគមន៍សហគ្រាសអ៊ីតាលី មកវិនិយោគទុននៅប្រទេសចិន ហើយរីករាយនាំចូលផលិតផលដ៏មានគុណភាពខ្ពស់ របស់អ៊ីតាលីកាន់តែច្រើន។ ភាគីអ៊ីតាលីបានបញ្ជាក់យ៉ាងជាក់លាក់ថា ប្រឆាំង "ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់" និងការការពារនិយម ហើយរីករាយដើរតួនាទីជាវិជ្ជមាន ក្នុងការជំរុញអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុប។

ពីការចុះហត្ថលេខារួមគ្នាលើ ឯកសារសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឧស្សាហកម្ម ការអប់រំនិងការពារបរិស្ថានជាដើម ដល់ការដាក់ចេញផែនការប្រតិបត្តិរយៈពេល៣ឆ្នាំ ស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មតិឯកភាពនិងសមិទ្ធផលសំខាន់ៗមួយចំនួន បានបំពេញបន្ថែមនូវកម្លាំងចលាករថ្មី ទៅក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអ៊ីតាលី ហើយក៏មានអំណោយផលដល់ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុបផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើន បានអត្ថាធិប្បាយថា នេះជាសញ្ញាកត់សម្គាល់ថា "កិច្ចសហប្រតិបត្តិការរវាងចិននិងអ៊ីតាលី បានឈានចូលដំណាក់កាលថ្មី"

ពីផ្លូវសូត្របុរាណរហូតដល់《កំណត់ហេតុធ្វើដំណើររបស់លោក Marco Polo》រឿងរ៉ាវល្អៗអំពីការប្រាស្រ័យទាក់ទង រវាងចិននិងអ៊ីតាលី នៅតែត្រូវបានកោតសរសើរមកដល់សព្វថ្ងៃនេះ។ ដោយប្រកាន់ខ្ជាប់នូវ "ស្មារតីផ្លូវសូត្រ" ក្រេបជញ្ជក់ប្រាជ្ញាប្រវត្តិសាស្ត្រ និងផ្តល់នូវអត្ថន័យនៃយុគសម័យថ្មី កិច្ចសហប្រតិបត្តិការរវាងចិននិងអ៊ីតាលី នឹងមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជាបន្ថែមទៀត ដែលផ្តល់ផលប្រយោជន៍ដល់អឺរ៉ុបនិងពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន