(ប៉េកាំង)៖ នៅថ្ងៃទី ៣០ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Ahmed Aboul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ បានជួបពិភាក្សាការងារជាមួយលោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ អំពីវិស័យដូចជាវប្បធម៌ កីឡានិងកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មានជាដើម ហើយបានចុះហត្ថលេខាលើ អនុស្សរណៈសហប្រតិបតិ្តការ។
ថ្លែងក្នុងកិច្ចជំនួប លោក Shen Haixiong បានលើកឡើងថា ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់លោកប្រធានរដ្ឋចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសអារ៉ាប់ ទំនាក់ទំនងរវាងចិននិងអារ៉ាប់នាពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុត ក្នុងប្រវត្តិសាស្ត្រ។ ទំនុកចិត្តគ្នាខាងនយោបាយទៅវិញទៅមក រវាងចិននិងបណ្តាប្រទេសអារ៉ាប់មានភាព កាន់តែស៊ីជម្រៅជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការជាក់ស្តែង ពោរពេញទៅដោយកម្លាំងរស់រវើក និងផុលផុស ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន មានភាពសម្បូរបែប ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទទួលបានលទ្ធផលជាផ្លែផ្កា ។ អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រំពឹងទុកអាចចាត់ទុកកិច្ចសហប្រតិបត្តិការលើកនេះ ជាឱកាសមួយដើម្បីធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀត នូវកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធអារ៉ាប់ក្នុងវិស័យ ដូចជាការរួមគ្នាយកបទសម្ភាសន៍ និងផលិតកម្មវិធីព័ត៌មានអន្តរជាតិ ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍក្នុងវិស័យច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យាជឿនលឿននិងរួមគ្នារៀបចំសកម្មភាពពាក់ព័ន្ធជាដើម ក្នុងន័យពន្លឿនការជំរុញការកសាង សហគមន៍រួមវាសនារវាងចិននិងអារ៉ាប់៕
វិទ្យុមិត្តភាពកម្ពុជាចិន