(ស៉ីដនី)៖ អូស្រ្តាលី បានស្នើឱ្យពលរដ្ឋរបស់ខ្លួន ដែលស្ថិតនៅលីបង់ ចាកចេញពីប្រទេសនេះជាបន្ទាន់ ដោយនិយាយថា មានហានិភ័យច្បាស់លាស់ថា ភាពតានតឹងរវាងអ៉ីស្រាអែល និងក្រុម Hezbollah អាចកើនឡើងកាន់តែខ្លាំង។ នេះបើយោងបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ ២០២៤។

ជនជាតិអូស្រ្តាលីចំនួន ១៥,០០០នាក់កំពុងរស់នៅក្នុងប្រទេសលីបង់ ដោយចំនួននេះបានកើនឡើងរាប់ពាន់នាក់ ក្នុងអំឡុងរដូវក្តៅចាប់ពីខែមិថុនា ដល់ខែកញ្ញា។ លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានបង្ហោះសារជាវីដេអូតាមបណ្តាញសង្គម X កាលពីយប់ថ្ងៃពុធសប្តាហ៍នេះថា «ឥលូវនេះ ជាពេលត្រូវចាកចេញ។ ស្ថានភាពសន្តិសុខអាចនឹងកាន់តែយ៉ាប់យ៉ឺនយ៉ាងភ្លាមៗ ដោយស្ទើរតែ ឬគ្មានការជូនដំណឹងតែម្តង»។ លោកស្រី បានឱ្យដឹងបន្ថែមថា អាកាសយានដ្ឋានក្នុងទីក្រុងបេរូត អាចត្រូវបិទទាំងស្រុង ប្រសិនបើស្ថានភាពកាន់តែអាក្រក់។ សម្រាប់អ្នកចង់ចាកចេញ ហើយត្រូវបានប្រាប់ឱ្យរង់ចាំពេលបន្ថែម គួរតែប្រើប្រាស់ជើងហោះហើរពាណិជ្ជកម្ម ទាន់នៅមានដំណើរការ។

គួរបញ្ជាក់ថា ស្ថានភាពតំបន់មជ្ឈិមបូព៌ា ស្ថិតនៅក្នុងសភាពផុយស្រួយអស់ជាច្រើនខែមកហើយ ចំពោះមុខសង្គ្រាម នៅឯតំបន់ហ្កាហ្សា។ ការស្នើរបស់អូស្រា្តលីនាពេលនេះ ធ្វើឡើងស្រដៀងគ្នា ទៅនឹងសេចក្តីណែនាំរបស់សហរដ្ឋអាមេរិក ក៏ដូចជាចក្រភពអង់គ្លេស ក្នុងសប្តាហ៍នេះ៕