(សិង្ហបុរី)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិក មិនបានដឹងមុន ឬក៏ជាប់ពាក់ព័ន្ធ ក្នុងករណីធ្វើឃាតមេដឹកនាំក្រុមហាម៉ាសប៉ាឡេស្ទីន លោក Ismail Haniyeh នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤។
លោក Blinken បានលើកឡើងដូចខាងលើ ក្នុងកិច្ចសម្ភាសមួយជាមួយ សារព័ត៌មាន CNA អំឡុងដំណើរបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសសិង្ហបុរី បន្ទាប់ពីមានសេចក្តីរាយការណ៍នាថ្ងៃដដែលថា លោក Haniyeh ដែលជាបុគ្គលដ៏សំខាន់ម្នាក់ ក្នុងកិច្ចចរចាបទឈប់បាញ់សម្រាប់សង្រ្គាមហ្កាហ្សា បានស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាស នៅរដ្ឋធានីតេហេរ៉ង់របស់អ៉ីរ៉ង់។ លោក Haniyeh បានធ្វើដំណើរទៅប្រទេសអ៉ីរ៉ង់ ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីអ៉ីរ៉ង់ថ្មី កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
នៅពេលត្រូវបានសាកសួរថា តើការធ្វើឃាតលោក Haniyeh នឹងជះឥទ្ធិពលបែបណាដែរនោះ លោក Blinken បានឆ្លើយថា «វាជារឿងពិបាកធ្វើការសន្និដ្ឋានខ្លាំងណាស់ ហើយបើតាមបទពិសោធជាច្រើនឆ្នាំមកនេះរបស់ខ្ញុំផ្ទាល់ គឺយើងមិនគួរធ្វើការសន្និដ្ឋានលើ ផលប៉ះពាល់ដែលព្រឹត្តិការណ៍មួយ អាចមានទៅលើអ្វីផ្សេងនោះទេ»។ ជំនួសមកវិញ លោកប្រមុខការទូតអាមេរិក បានសង្កត់ធ្ងន់ អំពីសារសំខាន់នៃការសម្រេចឱ្យបាន បទឈប់បាញ់សម្រាប់សង្រ្គាម ដែលអូសបន្លាយរយៈពេល៩ខែមកហើយ នៅតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា បើតាមលោក Blinken ភាពចាំបាច់នៃការសម្រេចឱ្យបានបទឈប់បាញ់ នៅតែជាមធ្យោបាយប្រសើរជាងគេបំផុត ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា។ លោក Blinken បានធ្វើដំណើរមកដល់សិង្ហបុរី កាលពីថ្ងៃអង្គារ ដែលវាជាផ្នែកមួយនៃការបំពេញទស្សនកិច្ចជាលើកទី១៨ របស់លោក មកកាន់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ ដំណើរទស្សនកិច្ច របស់លោកមកកាន់ប្រទេសចំនួន៦ នៅតំបន់អាស៉ី ចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា គឺរួមមានឡាវ ហ្វីលីពីន វៀតណាម ជប៉ុន សិង្ហបុរី និងម៉ុងហ្គោលី៕